ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) បានមកបង្ហាត់បង្រៀនពីបច្ចេកទេសផលិតចំណីអប់សម្រាប់ចិញ្ចឹមសត្វពាហនៈដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីបង្ហាត់បង្រៀនបន្តដល់កសិករ។ បើតាម លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានលើកឡើងនៅក្នុងផេករបស់ខ្លួនថា បច្ចេកទេសផលិតចំណីអប់សម្រាប់ចិញ្ចឹមសត្វពាហនៈនេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) ដោយផ្តល់ការហ្វឹកហ្វឺន ពូជ សម្ភារៈបច្ចេកទេស។ លោកអគ្គនាយកបានបន្តថា« ការចិញ្ចឹមសត្វពាហនៈដោយពឹងផ្អែកតែចំណីនៅលើវាលស្មៅមួយមុខមិនអាចធានាសុខភាពសត្វ ដើម្បីប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិបានទេ។ មានតែការចិញ្ចឹមសត្វពាហនៈពឹងលើចំណីក្នុងឃ្លាំងស្តុក ទើបធានាប្រកួតប្រជែងបាន ដោយមិនភ័យព្រួយលើអាកាសធាតុត្រជាក់ ក្តៅ រាំងស្ងួតឡើយ ហើយចំណីមានអនាម័យ គុណភាពខ្ពស់»។ លោកអគ្គនាយក បានបន្ថែមថា កម្ពុជា មានសមត្ថភាពពេញលេញអាចផលិតចំណីអប់សត្វពាហនៈប្រកបដោយគុណភាព និងតម្លៃសមរម្យ ព្រោះខ្មែរអាចធ្វើបាន៕ អត្ថបទ៖ កម្ពុជាថ្មី
Read More