
សំណើច ៖ បុរសអង់គ្លេសម្នាក់និងបុរសអៀរឡង់ម្នាក់បានចូលទៅហាងដុតនំមួយកន្លែងដើម្បីលួចនំស៊ី។ បុរសអង់គ្លេសលួចនំបាន៣ដុំហើយលាក់វាទុកនៅក្នុងហោប៉ៅ។
បុរសអង់គ្លេសអួតទៅបុរសអៀរឡង់ថា ”ទាល់តែចេះជំនាញខ្លាំងណាស់ទើបអាចលួចនំទាំងដែលម្ចាស់ហាងមិនចាប់អារម្មណ៍”។
បុរសអៀរឡង់តបវិញថា “នោះគ្រាន់តែជាក្បាច់លួចសាមញ្ញៗសោះហ្នឹង។ ចាំមើល៎ខ្ញុំឯណេះវិញ ប្រើជំនាញពិសេស មិនបាច់លួចទេ គឺយកនៅនឹងមុខស្រស់ៗតែម្តង ហើយបាននំបីដុំស៊ីនៅនឹងមុខម្ចាស់ហាងអត់អស់លុយមួយសេន”។
បន្ទាប់មក បុរសអៀរឡង់ចូលទៅនិយាយជាមួយម្ចាស់ហាងថា “សួស្តីលោក ខ្ញុំមានជំនាញលេងសៀកពិសេសមួយចង់បង្ហាញឱ្យលោកភ្ញាក់ផ្អើល”។
ម្ចាស់ហាងដំបូងស្រឡាំងកាំង តែមើលទៅដូចជាទំនងដែរ ក៏ឱ្យបុរសអៀរឡង់បញ្ចេញក្បាច់សៀកឱ្យគាត់មើល។
បុរសអៀរឡង់បានសុំនំម្ចាស់ហាងស៊ីមួយដុំ។ បន្ទាប់មកសុំពីរដុំទៀតស៊ីខ្ទេចអស់រលីង។ ម្ចាស់ហាងសួរថា “អើ ឥឡូវនំអញទៅណាអស់ហើយ នេះឬសៀករបស់ឯង?”។
បុរសអៀរឡង់ចង្អុលរួចនិយាយថា “ទៅឆែកមើលក្នុងហោប៉ៅបុរសអង់គ្លេសម្នាក់នោះចុះ នឹងឃើញនំបីដុំនោះវិញហើយ!!!”៕