
កាលពីរសៀលថ្ងៃទី ៣ ខែតុលា ២០២០ នេះមានការចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយលោកឧត្តមសេនីយ៍ត្រី ទីចំរើនកុសល បានថតវីដេអូសកម្មភាពមន្ត្រីនគរបាលជាប់កិច្ចសន្យាមួយរូបបានធ្វើការឃាត់រថយន្តរបស់លោកដើម្បីត្រួតពិនិត្យ ។
បន្ទាប់មកទៀត ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គាំទ្រទាំងស្រុងមតិលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ទីចំរើនកុសល ប៉ុន្តែក្នុងនាមជាសមត្ថកិច្ចត្រូវតែចូលរួមគោរពច្បាប់ ដើម្បីបង្ហាញជាគំរូដ៏ល្អដល់ប្រជាពលដ្ឋទូទៅ ។
តាមការបកស្រាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ មានរថយន្តមួយគ្រឿងម៉ាក PRUIS ព័ណ៌ ស មិនចាំស្លាកលេខ បានបេីកបរខុសទិសចរាចរណ៍ (ហាមត្រលប់ក្រោយ)
នៅគោលដៅស្តុបពេទ្យចិន ខណៈនោះមន្ត្រីជាប់កិច្ចសន្យាខាងលើ ក៏បានចេញធ្វើការឃាត់ និងលូកដៃទាញយកទូរស័ព្ទពីម្ចាស់រថយន្តដែលកំពុងថតសកម្មភាព ដោយប្រើកាយវិការ និង ពាក្យសម្តី មិនសមរម្យអំឡុងពេលអនុវត្តច្បាប់ ។
ចំពោះករណីនេះមន្រ្តីជាប់កិច្ចសន្យាគឺ គ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួ មសហការណ៍ជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និង សម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ។
ហើយចំពោះករណីខាងលើនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានហៅមន្រ្តីជាប់កិច្ចសន្យារូបនេះ មកធ្វើកិច្ចសន្យា ត្រួតពិនិត្យ និងបានដាក់ពិន័យនៅការិយាល័យ រួចរាល់ហើយ ។
ដោយឡែកក្នុងករណីខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមគាំទ្រ និងយល់ស្របតាមមតិបស់លោកឧត្តមសេនីយ៍ត្រី ទី ចំរើនកុសល
ដែលបានលើកឡើងថាមន្រ្តីជាប់កិច្ចសន្យាគឺគ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងជួយសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវប៉ុណ្ណោះ ៕ប្រភព៖ ប្រជាប្រិយ