
តារាសម្តែងភាពយន្តដ៏ល្បី លោក ជេកគី ចាន់ ដែលគេភាគច្រើនស្គាល់ឈ្មោះគាត់មួយទៀតថា ឈិន ឡុង ត្រូវបានគេរឹបអូស និងដាក់លក់ដេញថ្លៃនូវអាផាតមិនចំនួន២ យូនីត ក្នុងតម្លៃទឹកប្រាក់ប្រមាណជាង១០លានដុល្លាអាមេរិក។ នេះបើយោងតាមឯកសារតុលាការដែលទីភ្នាក់ងារ AFP ទទួលបាន។
យោងតាម វេបសាយ Channel News Asiaបានឲ្យដឹងថា លោក ឈិន ឡុង ដែលមានវ័យ ៦៦ឆ្នាំ ដែលជាតារាភាពយន្តល្បីនៅហូលីវូត ក៏ដូចជាតារាល្បីខាងវាយតប់ ដែលមានប្រជាប្រិយភាពនៅក្នុងរឿង “Rush Hour” និង “Police Story”
និងមានបានសម្តែងភាពយន្តជាច្រើនផ្សេងទៀតនោះ មានបញ្ហាចម្រូងចម្រាសក្នុងឆ្នាំ ២០១៣ ដោយនៅពេលនោះលោកបានចូលរួមក្នុងអង្គភាពប្រឹក្សាយោបល់នយោបាយកំពូលរបស់ចិន ខណៈលោកមានកំណើតនៅក្រុងហុងកុង និងលោកបានសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺដល់ក្រុងប៉េកាំង។
លោក ចាន់ និងភរិយា ចូន លីន និងកូនប្រុស ចាយស៊ី ចាន់ បានរស់នៅក្នុងភូមិគ្រឹះប្រណីតនេះតាំងពី ២០០៧មកម៉្លេះ។ ប៉ុន្ដែដោយសារជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនអចលនទ្រព្យ ២ បានធ្វើឲ្យអគារនេះត្រូវបានរឹបអូស
និងបានបញ្ជាឱ្យដាក់លក់ដេញថ្លៃ ទោះបីជា ឈិន ឡុង បានព្យាយាមប្ដឹងដល់សាលាឧទ្ធរណ៍យ៉ាងណាក៏ដោយ។ លោក ចាន់ (ឈិន ឡុង) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Yujia Real Estate
ក្នុងឆ្នាំ ២០០៦ ដើម្បីទិញអាផាតមិនចំនួន ២ យូនីត ដែលមានផ្ទៃដីជាង ១ ២០០ ម៉ែត្រការ៉េ។ នេះបើយោងតាមសាលក្រមតុលាការចេញផ្សាយក្នុងខែកក្កដា។
យោងតាមការចុះបញ្ជីឈ្មោះលើអនឡាញដែល AFP ទទួលបានតម្លៃសម្រាប់អាផាតមិនទាំង ២ របស់ ឈិន ឡុង មានតម្លៃយ៉ាងតិច ៧១,៩ លានយន់ (១០,៥ លានដុល្លារ) ដោយការដេញថ្លៃចាប់ផ្ដើមនៅដើមខែក្រោយ។
សូមជម្រាបថា៖ អាផាតមិនមួយនេះក៏ជាកន្លែងនៃរឿងអាស្រូវគ្រឿងញៀនក្នុងឆ្នាំ ២០១៤ ដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោកឈ្មោះ ចាយស៊ី ចាន់ ដែលបានជាប់ពន្ធនាគាររយៈពេល ៦ ខែ
នៅក្នុងពន្ធនាគារប្រទេសចិនបន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាកំពុងផ្តល់កន្លែងសម្រាប់អ្នកផ្សេងទៀតប្រើប្រាស់គ្រឿងញៀននិងកាន់កាប់កញ្ឆាជាង ១០០ ក្រាម។
គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន Yujia Real Estate បានធ្វើការលក់អាផាតមិននេះទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយទៀតគឺឈ្មោះ Tenhong Real Estate
ហើយរឿងចម្រូងចម្រាសគ្នានេះផងដែរ គឺដោយសារតែ ក្រុមហ៊ុន Tenhong Real Estate បានដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Yujia Real Estate ដើម្បីដោះស្រាយបំណុល៕ ប្រភព៖ Business Cambodia