
ឃាតកម្មសម្លាប់មនុស្សបានកើតឡើងបន្តបន្ទាប់គ្នា ហើយសុទ្ធតែជាករណីសម្លាប់ដ៏ព្រៃផ្សៃបំផុតធ្វើឱ្យប្រជាពលរដ្ឋកើតក្ដីតក់ស្លុត ខ្លាចរអា និង ពិសេសនោះអាណិតជនរងគ្រោះដែលបានស្លាប់ទៅទាំងគ្មានកំហុសអ្វីនោះ ។ ឃាតកប្រុសទាំងនោះរួមមាន៖
១.បុរសម្នាក់ច្របាច់កសម្លាប់កូនស្រី ៣ នាក់ និងចងក.សម្លាប់ខ្លួនឯងព្រោះប្រចណ្ឌប្រពន្ធ
កាលយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ នេះមានករណីដ៏រន្ធត់មួយបានកើតឡើងដោយមួយគ្រួសារត្រូវស្លាប់ទាំងអស់នៅសល់តែប្រពន្ធដែលរវល់ទៅធ្វើការមិនបាននៅក្នុងហេតុការណ៍ ។ ឃាតកសម្លាប់កូនស្រីទាំង ៣នាក់ ដោយការច្របាច់ក ចំណែកឪពុកបានចងកសម្លាប់ខ្លួន ។ ស្ត្រីឈ្មោះឈ្មោះឌីម សុខនាត ជាប្រពន្ធ រន្ធត់ចិត្តពេកក្រោយឃើញកូនៗបណ្ដូលចិត្ត និងប្ដីស្លាប់ស្រស់ៗនៅនឹងមុខបែបនេះ រហូតបាត់បង់វង្វេងស្មារតី ។ ឃាតកម្មនេះគេសន្និដ្ឋានបណ្ដាលមកពីភ្លើងប្រចណ្ឌ ទើបធ្វើឱ្យឃាតកហ៊ានលើកដៃសម្លាប់កូនខ្លួនឯងគ្មានមេត្តាបែបនេះ ។
២. ករណីសម្លាប់នារីម្នាក់ព្រោះតែខឹងចូលស្ដីដណ្ដឹងនាងមិនបាន
ឃាតកម្មចាក់សម្លាប់នារីវ័យក្មេងនៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ បង្កដោយបុរសជនដៃដល់ធ្លាប់ជាគូស្នេហ៍នឹងគ្នាបានធ្វើឱ្យសាច់ញាតិ មហាជន មានការតក់ស្លុតជាខ្លាំង ។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះក្រោយសម្លាប់នារីជាសង្សាររួច បុរសរូបនេះបានរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយនៅក្នុងបរិវេណវត្តស្ងួនពេជ្រ សង្កាត់កំបូល ខណ្ឌកំបូល នាវេលាប្រមាណម៉ោង ១០:៣០ នាទី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ ដដែល ។
ករណីឃាតកម្មឃាតកចាក់សម្លាប់អតីតគូស្នេហ៍រួចហើយរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយនោះ បើតាមប្រភពពីប្អូនស្រីនារីរងគ្រោះឱ្យដឹងថា មួយរយៈចុងក្រោយនេះអ្នកទាំងពីរមានរឿងរកាំរកូសនឹងគ្នា ដោយខាងនារីរងគ្រោះសុំបែកពីឃាតកក្រោយដឹងថាបុរសរូបនេះក្បត់មានស្រីផ្សេង ។ នៅយប់មុនថ្ងៃកើតហេតុភាគីខាងបុរសបានខលទូរស័ព្ទសុំត្រូវរ៉ូវគ្នាវិញ និងសុំដណ្ដឹងរៀបការតែខាងស្រីប្រកែក ទើបនាំឱ្យឈានដល់គុំនំគុំកួនដល់ថ្នាក់ទៅផ្ដាច់ជីវិតនារីជាអតីតគូស្នេហ៍ ហើយបញ្ចប់ជីវិតខ្លួនឯងបែបនេះ ។
៣.បុរសម្នាក់សម្លាប់ម្ដាយបង្កើតកាត់កចេញពីខ្លួន
នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ មានករណីឃាតកម្មដ៏សាហាវមួយ គឺកូនប្រុសបង្កើតហ៊ានលើកដៃសម្លាប់ម្តាយខ្លួនឯង ដោយកាត់ក្បាលចេញពីខ្លួន នាវេលាម៉ោង ៧៖៣០នាទីព្រឹកស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ឃាតកម្មដ៏ព្រៃផ្សៃនេះ គឺដោយសារជនដៃដល់មានជំងឺសរសៃប្រសាទ ហើយនៅថ្ងៃកើតនោះដោយជំងឺជនដៃដល់ធ្វើទុក្ខ រករឿង ហើយស្ត្រីជាម្ដាយឃើញបែបនោះទើបឃុំខ្លួនកូនទុក្ខ លុះដល់យប់ថ្ងៃទី ២៨ សីហា ២០២០ ឃាតកបានសម្លាប់ម្ដាយតែម្ដង ។
៤. ឃាតកម្មរំលោភសម្លាប់អារ.ក ក្មេងស្រីអាយុ ១៤ ឆ្នាំ
កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ មានករណីរំលោភសម្លាប់ក្មេងស្រីម្នាក់យ៉ាងសាហាវមួយបានកើតឡើងនៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅចំពោះមុខសមត្ថកិច្ចឃាតរៀបរាប់ថា ក្នុងពេលចូលធ្វើសកម្មភាពដោយសារតែក្មេងស្រីរងគ្រោះ ស្រែក និង រើបម្រាស់ពេកទើបខ្លួនបានវាយដំទៅលើក ខ្លួន និង ក្បាលពោះក្មេងស្រី រួចទើបយកឧបករណ៍ឆក់ត្រង់ចំណុចខ្នងនាង ក្រោយឆក់រួចទើបយកកាំបិតដែលនៅក្នុងផ្ទះក្មេងស្រីរងគ្រោះស្រាប់នោះ ទៅចាក់ក ២ កាំបិត ទើបអារក.សម្លាប់បន្ថែម ហើយក៏ចាប់ផ្ដើមធ្វើសកម្មភាពរំលោភតាមក្រោយ ។
៥. ឃាតកម្មចាក់សម្លាប់សង្សាររួចអារ.ក ខ្លួនឯង នៅបុរី លឹម ឈាងហាក់
កាន់តែគួរឱ្យរន្ធត់ចិត្តមួយទៀតនោះ គឺនៅព្រលប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២០ បុរសម្នាក់បានចាក់សម្លាប់សង្សារខ្លួនឯងនៅក្នុងបុរីលឹមឈាងហាក់បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។
តាមការធ្វើកោសល្យវិច្ច័យ ជនរងគ្រោះ បានរកឃើញស្លាកស្នាម ចំនួន ០៣កន្លែង ទី១.ស្នាមដាច់ឆូតលើបាតដៃខាងឆ្វេង០១កន្លែង ទី២.ស្នាមដាច់ឆូតលើបាតដៃខាងស្តាំ០១កន្លែង ទី៣.ស្នាមចាក់ចំក ខាងស្តាំ ធ្លុះទៅខាងក្នុង០១កន្លែង បណ្តាលឲ្យហូរឈាមដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ ។
គួរឱ្យដឹងថាជនរងគ្រោះ និងជនសង្ស័យជាសង្សាររួមរស់ជាមួយគ្នាអស់ជាង ១០ ឆ្នាំមកហើយ ទើបតែបែកគ្នាបានជាងកន្លះខែដោយសារអ្នកទាំងពីរមានបញ្ហារកាំរកូសនឹងគ្នាមិនចេះចប់នារយៈពេលចុងក្រោយនេះ ។
៦.ឃាតកម្មសម្លាប់ប្រពន្ធក្រោយលែងលះគ្នាបាន ១ ខែនៅស្រុកអង្គស្នួល
ករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធកាលពីរាត្រីថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០២០ នៅចំណុចភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ប្រពន្ធត្រូវស្លាប់ក្នុងថ្លុកឈាម ចំណែកឯប្ដីព្យាយាមអារ.ក សម្លាប់ខ្លួនតាមក្រោយតែមិនបានសម្រេច ។
ជុំវិញឃាតកម្មប្ដីចាក់សម្លាប់ប្រពន្ធឱ្យក្ស័យជីវិតចោលកូនប្រុស ស្រីទាំងពីរនេះ គឺបណ្ដាលមកពីវិបត្តិក្នុងគ្រួសារ ប្ដីសុំត្រូវរូវគ្នាជាមួយប្រពន្ធវិញ ក្រោយលែងលះគ្នាបាន ១ ខែ តែនាងមិនព្រមទើបបណ្ដាលឱ្យបុរសជាប្ដីក្លាយជាឃាតក ។ បុរសឃាតកឈ្មោះ ឆាយ ធន់ អាយុ ២៩ ឆ្នាំ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរធ្លាប់ព្យាយាមសម្លាប់ខ្លួន ព្រោះជាប់បំណុលធនាគារជាង ១ ម៉ឺនដុល្លារ ឯនៅក្នុងគ្រួសារក៏ចេះតែជួបរឿងរកាំរកូសមិនចេះចប់ ។
គួរឱ្យដឹងដែរថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុខ ផល្លី អាយុ ២៧ ឆ្នាំ ចំណែកឯជនដៃដល់ចិត្តឆៅជាប្ដីមានឈ្មោះ ឆាយ ធន់ អាយុ ២៩ ឆ្នាំ ដោយបច្ចុប្បន្ន អ្នកទាំងពីរមានកូនស្រី ១ នាក់ និង កូនប្រុស ១ នាក់ ៕ អត្ថបទ៖ ប្រជាប្រិយ