
ភ្នំពេញ ៖ មហាជនទូទាំង ក៏ដូចអ្នកដំណើរពិសេសអ្នករស់នៅភ្នំពេញ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពកម្លាំងអាវុធហត្ថរាជធានីបាននឹងកំពុងតែបន្តចាត់វិធានការណ៍ត្រួតពិនិត្យទៅលើរថយន្តពាក់ស្លាកលេខ ខ ម
សេះហោះដែលកំពុងធ្វើចរាចរយ៉ាងអានាធិបតេយ្យតាមដងផ្លូវនៅរាជធានីភ្នំពេញ ពិសេសក្រុមឡានដឹកដីដឹកថ្មដឹកខ្សាច់ពាក់ស្លាកលេខ ខ ម លោតឆ័ត្រនោះតែម្ដងដែលប៉ះពាល់ដល់កិត្តិយសក្រសួងកាពារជាតិ។
ការត្រួតពិនិត្យនេះ បានធ្វើឡើងពីសំណាក់កម្លាំងកងយានយន្ត នៃមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ការងារ ត្រួតពិនិត្យស្លាកលេខរថយន្តខេមរភូមិន្ទក្លែងក្លាយ, ប័ណ្ណបើកបរ ខេមរភូមិន្ទ, បកកញ្ចក់ខ្មៅ ,អាវុធជាតិផ្ទុះ, វិទ្យុទាក់ទង នៅលើដងផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។
មន្ត្រីកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងនៅថ្ងៃទី១៨ មិថុនាថា សកម្មភាពកម្លាំងកង យានយន្ត នៃ មន្ទីរ សម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ផងនិង រថយន្តដែលបំពាក់ស្លាក លេខខេមរភូមិន្ទក្លែងក្លាយ ពិសេសឡានដឹកដីតែម្ដង មិនដឹងគេអាងអីបានហ៊ានប្រើស្លាកខ ម មករកស៊ីឯកជនខ្លួនឯងទៅវិញហើយ ឡានដឹកដី ដឹកថ្ម ដឹកខ្សាច់ខ្លះពាក់ស្លាកលេខសេះហោះទៀត។
រថយន្តប្រភេទនេះ ត្រូវតែចាត់វិធានការជាបន្ទាន់តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ដែលបានបន្តអនុវត្តន៍នៅជាយក្រុង ពិសេសផ្លូវជាតិលេខ៤ នៅកំបូល។
មន្ត្រីដដែលបានបន្តថា កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កម្ដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំដើម្បី បង្ការ ទប់ស្កាត់ និងជៀសផុតពីជំងឺឆ្លងកូវីដ-១៩។
ក្រៅពីអនុវត្តវិធានការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងរថយន្តពាក់ស្លាកលេខ ខ ម ក្លែងក្លាយមកសកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម រួសរាន់ងូតទឹក ស្លៀកពាក់
រួចរង់ចាំបទបញ្ជាចេញបេសកកម្ម ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ ជួយសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងផ្លូវ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។
ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព
ជួយសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួននាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ ក្នុងនាមជាអ្នកប្រើរាស្ត្រក្នុងទឹកចិត្តស្មោះត្រង់បំផុត៕