
ក្រោយពីមានការតវ៉ានៅតាមទីក្រុង សហរដ្ឋអាមេរិក កម្ទេចកំទី អំបែងកញ្ចក់ ព្រមទាំងសំរាមបានសន្សល់ទុកពាសពេញផ្លូវស្ទើរទាំងអស់ ធ្វើឲ្យខូចសោភណ្ឌភាពទីក្រុងជាខ្លាំង។ ក្រោយពីឃើញសភាពបែបនេះ លោក Antonio Gwynn Jr ជាពលរដ្ឋម្នាក់ ដែលមានអាយុទើបតែ ១៨ឆ្នាំ ក៏បានចេញសម្អាតវាតែម្នាក់ឯងអស់រយៈពេលប្រមាណ ១០ម៉ោង នៅម្ដុំលោករស់នៅ តែក្រោយពីលោកធ្វើវារួចហើយ រឿងដ៏រភើបមួយបានចូលមកជីវិតលោកទាំងនឹកស្មានមិនដល់។
បន្ទាប់ពីម រ ណ ភាពរបស់បុរសស្បែកខ្មៅ លោក George Floyd ក្រោមថ្វីដៃប៉ូលីសទីក្រុង Minneapolis លោក Gwynn ក៏បានចូលរួមការតវ៉ាស្វែងរកយុត្តិធម៌ដោយអហិង្សាដែរ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ប៉ុន្តែបន្ទាប់ពីគាត់ត្រឡប់ទៅផ្ទះវិញ រូបភាពនៃការតវ៉ាកាន់តែអាក្រក់ ហើយវាបានក្លាយជារាត្រីដែលមានសំរាមរាយប៉ាយដ៏គួរឲ្យរអើម។
លោក Gwynn បានរៀបចំសម្អាតតាមដងផ្លូវទាំងរំលងអធ្រាត្រម៉ោង ២ព្រឹក ថ្ងៃទី១ ខែមិថុនា មុនពេលបាតុករផ្សេងទៀតមកដល់ បន្ទាប់មកមានជនមិនស្គាល់មុខម្នាក់ បានលបថតរូបលោក ហើយបង្ហោះទៅលើបណ្ដាញអ៊ីធឺណិត មិនយូរប៉ុន្មានរូបភាពរបស់លោក ត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម ហើយទទួលបានការកោតសរសើរពីអ្នកស្រុកជាខ្លាំង ហើយថែមទាំងមានអ្នកជូនរង្វាន់ដល់លោក ចំពោះការខិតខំប្រឹងប្រែងដោយមិនគិតពីខ្លួនឯងនេះទៀត។
លោក Gwynn បានប្រាប់សារព័ត៌មាន ABC 7 ថា «ខ្ញុំមានអារម្មណ៍ខ្ពើមរអើម ស្មារតីខ្ញុំប្រែជាមិនល្អ។ ពួកគេកំពុងបំផ្លាញទីក្រុង ដែលកំពុងតែមានភាពស្រស់ស្អាតខ្លាំង ហើយខ្ញុំក៏សម្រេចចិត្តសម្អាតតែម្តងទៅ»។ គាត់បានប្រើឡានដឹកទំនិញ UHaul ដឹកសំរាមទៅចោល ដែលបានជួលពីមីងរបស់គាត់ ដើម្បីដោះស្រាយបញ្ហានៅតំបន់ធំមួយ មុនពេលមនុស្សម្នាចាប់ផ្តើមទៅធ្វើការ។
ខ្ញុំបានទិញថង់សំរាមខ្លះ ចាប់យកអំបោស និងប្រដាប់ចូកហើយ ទើបខ្ញុំចាប់ផ្តើមសម្អាត។ គឺខ្ញុំតែម្នាក់ឯងប៉ុណ្ណោះ។ ខ្ញុំចាប់ផ្តើមងើបចុះងើបឡើងនៅផ្លូវ Bailey ដើម្បីសម្អាតកន្លែងដែលត្រូវបានបំផ្លាញ។ Gwynn នៅតែធ្វើការសម្អាតរហូតដល់ម៉ោង១០ព្រឹក រហូតដល់តារាចម្រៀង មានឈ្មោះ Kalah Bishop បានមកដល់ ជាមួយក្រុមអ្នកស្ម័គ្រចិត្ត។
Bishop បានប្រាប់សារព័ត៌មាន ABC 7 ថា «គាត់មានការភ្ញាក់ផ្អើលខ្លាំងណាស់ ពេលដឹងថាបុរសអាយុ ១៨ ឆ្នាំម្នាក់នេះ មានបេះដូងជាអ្នកស្រលាញ់បរិស្ថាន ដោយមកទីនេះនៅម៉ោង ២ព្រឹក ដើម្បីសម្អាតកម្ទេចកញ្ចក់ និងសំរាមលើផ្លូវ និយាយដោយស្មោះត្រង់ គាត់ប្រថុយជីវិតណាស់ដើម្បីធ្វើវា។ មនុស្សជាច្រើន គួរតែយកតម្រាប់តាមគាត់»។
ម្ដាយរបស់ Gwynn បានស្លាប់ដោយសារគាំងបេះដូង នៅឆ្នាំ ២០១៨ ហើយបងស្រីគេទៅរស់នៅជាមួយលោកយាយ។ ពេលនោះ លោក Duane Thomas អាយុ ៣៧ ឆ្នាំ ជាគ្រូគង្វាល និងជាអ្នកដឹកនាំយុវជននៅឯវិហារ Change បាននាំ Gwynn មកធ្វើកិច្ចការផ្ទះសម្បែងបែងតិចតួច។ Gwynn បានប្រាប់សារព័ត៌មាន Washington Post ថា៖ «ខ្ញុំចង់សម្អាត ព្រោះខ្ញុំតែងតែសម្អាតនៅផ្ទះខ្ញុំ ដូច្នេះហេតុអ្វីខ្ញុំមិនអាចជួយឱ្យទីក្រុងស្អាតបាន?
មួយថ្ងៃបន្ទាប់ពីគេបានសម្អាត គេចាប់ផ្តើមទទួលសារអរគុណគ្រប់ទិសទី។ ដំបូងឡើយលោក Nicole Hopkins បានចែករំលែករូបភាពអំពើល្អរបស់គាត់ ហើយបានប្រាប់អ្នក follow ក្នុងគណនីថា៖ «ប្រសិនបើយើងអាច ទិញ MacBook(កុំព្យុទ័រយួរដៃ) ឬយ៉ាងហោចណាស់បង់ប្រាក់ថ្លៃមហាវិទ្យាល័យមួយឆមាសសម្រាប់យុវជនក្លាហាន មានទឹកចិត្តល្អនេះ ជីវិតគេនឹងមានការផ្លាស់ប្តូរជាមិនខាន»។
ក្រោយមកគេហទំព័រព័ត៌មានក្រៅស្រុក មានឈ្មោះ Sweet Buffalo បានចាប់ផ្តើមផ្ញើប្រាក់ចំនួន ១ ០០០ ដុល្លារ និងលើកទឹកចិត្តឱ្យអ្នកដទៃជួយបរិច្ចាគទៀត។ មូលនិធី GoFundMe បាននាំមកនូវប្រាក់ជាង ៥ ៨០០ដុល្លារជួយដល់យុវជនខាងលើផងដែរ។
ការធ្វើល្អរបស់គាត់បានទាក់ទាញការចាប់អារម្មណ៍ពីបុរសអ្នកមានទ្រព្យម្នាក់ឈ្មោះ Matt Block ហើយលោកក៏បានសម្រេចចិត្តប្រគល់រថយន្តមួយគ្រឿងថ្មីម៉ាក Ford Mustang ពណ៌ក្រហមឲ្យទៅ Gwynn តែម្ដង។
បន្ទាប់មកទៀត មានមហាវិទ្យាល័យមួយឈ្មោះ Medaille College បានផ្តល់អាហារូបករណ៍ពេញរយៈពេល ៤ ឆ្នាំដល់ដល់រូបគេផងដែរ ក្រោយរូបគេរៀនចប់ថ្នាក់វិទ្យាល័យ។ Gywnn ចង់រៀនមុខជំនួញអាជីវកម្ម ហើយបើកហាងមេកានិចផ្ទាល់ខ្លួន និងអាជីវកម្មសម្អាតនៅថ្ងៃណាមួយ។
នៅពេល Gwynn បានដឹងមានជួយជ្រោមជ្រែងបែបនេះ គេក៏ចាប់ផ្តើមយំហ៊ូ។ គេនិយាយថា ម្តាយមីង និងបងប្អូនជីដូនមួយរបស់គាត់ក៏យំដែរ។ ដំបូងឡើយ Gwynn មានគម្រោងទៅសាលាពាណិជ្ជកម្ម និងសន្សំប្រាក់សម្រាប់មហាវិទ្យាល័យ។ បុរសស្បែកខ្មៅខាងលើ បន្តប្រាប់សារព័ត៌មាន Washington Post ទៀតថា៖ «អំ ពើហិង្សាគឺគ្មានន័យទេ។ វាមិនបានជួយអ្វីទាំងអស់ ហើយវាក៏មិនផ្លាស់ប្តូរអ្វីដែរ»។
ខ្ញុំសប្បាយចិត្ត ដែលបានជួយ ហើយខ្ញុំពិតជាភ្ញាក់ផ្អើលតាមរយៈការចូលរួមដោយយកចិត្តទុកដាក់។ ខ្ញុំពិតជាដឹងគុណចំពោះការគាំទ្ររបស់អ្នករាល់គ្នា៕ អត្ថបទ៖ khmer-global
សូមទស្សនាវីដេអូខាងក្រោម៖