
តារាបង្ហាញម៉ូតជនជាតិជប៉ុនអាយុ ២៩ ឆ្នាំ Kato Sari ត្រូវបានស្វាមីលែងចោល ដោយសារតែ មិនអាចមានលទ្ធភាពផ្គត់ផ្គង់ទម្លាប់ចំណាយខ្ជះខ្ជាយរបស់នាងបន្ទាប់ពីរៀបការ ដោយនាងបានចំណាយប្រាក់ជាង ១ពាន់លានយ៉េន (១២,២លានដុល្លារអាមេរិក) នៃប្រាក់អតីតស្វាមីរបស់នាងក្នុងរយៈពេលតែ ៣ខែប៉ុណ្ណោះ។
ការចែកផ្លូវគ្នាជាមួយនឹងស្វាមីនេះ ត្រូវតារាម៉ូឌែលរូបនេះ បានប្រកាសដោយបានបង្ហោះវីដេអូនៅលើយូធូបប្រកាសថានាងបានចែកផ្លូវគ្នាពីស្វាមីអាយុ ៣៦ ឆ្នាំ នៅក្នុងវីដេអូនាង Kato បានបញ្ជាក់ថាពួកគេបានទាក់ទងគ្នាតាំងពីខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះហើយនាងបានស្នើសុំលែងលះគ្នាដោយសារតែស្វាមីរបស់នាងមិនអាចមានលទ្ធភាពផ្គត់ផ្គង់ទម្លាប់ចំណាយខ្ជះខ្ជាយរបស់នាងបន្ទាប់ពីរៀបការ។
បន្ទាប់ពីរៀបការរួចអតីតស្វាមីរបស់នាង បានស្នើសុំឱ្យនាងបញ្ឈប់ការចំណាយដ៏ខ្ជះខ្ជាយរបស់នាងព្រោះថាក្រុមហ៊ុនរបស់គាត់កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
ប៉ុន្តែ Kato នាងបែរជាមានការខឹងសម្បារចំពោះសំណើអតីតស្វាមីបែបនេះ ពីព្រោះតែនាងដឹងថាខ្លួនមិនអាចបន្តទម្លាប់ចំណាយរបស់នាងបានឡើយ ហើយបាននិយាយថានាងលែងមានចំណាប់អារម្មណ៍លើប្តីរបស់នាងទៀតបន្ទាប់ពីគាត់គ្មានលុយ។
មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងប្រដូចប្តីរបស់នាងទៅ នឹងការក្លែងបន្លំដោយបញ្ជាក់ថាគាត់បានបោកប្រាស់នាងឱ្យចុះហត្ថលេខាលើលិខិតអាពាហ៍ពិពាហ៍។ នៅក្នុងបទសម្ភាសន៍តាមវីដេអូមួយ Kato បានសារភាពថានាងបានរៀបការជាមួយប្តីរបស់នាងក៏ព្រោះតែប្រាក់តែប៉ុណ្ណោះ។
ក្នុងករណីនេះដែរនាងត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះការសម្រេចចិត្តធ្វើបែបនេះ ហើយពួកគេបាននិយាយថាស្នេហាមិនមែនអាស្រ័យទៅលើលុយទាំងស្រុងនោះទេ ។
សូមជម្រាបផងដែរថា នាង Kato Sari គឺជាតារាបង្ហាញម៉ូតជនជាតិជប៉ុនអាយុ ២៩ ឆ្នាំដែលត្រូវបានគេស្គាល់ថានាងជាមនុស្សចូលចិត្តរបៀបរបបក្នុងការរស់នៅឡូយឆាយប្រណិតជាទីបំផុត និងស្រឡាញ់ចូលចិត្តប្រភេទឥវ៉ាន់ម៉ាកល្បីៗលំដាប់ខ្ពស់៕