
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ បានរត់គេចចូលមកការដ្ឋានសំណង់មួយកន្លែង រួចអះអាងប្រាប់ថា មានគេដឹកទៅដេកផ្ទះសំណាក់ តែត្រូវនាងរត់ចុះពីលើម៉ូតូស្រែកឆោឡោឲ្យគេឯងជួយ។
យ៉ាងណាមិញ ក្នុងហេតុការណ៍នោះ លោកមេប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣បានអះអាងថានាងជាមនុស្សមានសតិមិនល្អទៅវិញ។
តែទោះជាយ៉ាងណា ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋានសំណង់មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សេចក្ដីរាយការណ៍បន្តថា នារីរូបស្រស់វ័យក្មេងខាងលើនេះអាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង។
តាមប្រភពពីនារីរូបនេះបានឲ្យដឹងថា នាងបានស្គាល់នារីម្នាក់តាមបណ្ដាញសង្គមហ្វេសប៊ុក រយៈពេល២ខែមកហើយ ដោយឆាតឲ្យរូបនាងមកស្នាក់នៅជាមួយនៅកន្លែងកើតហេតុ ដើម្បីជួយរកការងារឲ្យធ្វើ។ ខណៈពេលរូបនាងមកដល់បានពីរថ្ងៃ ស្ត្រីដែលនាងស្គាល់នោះបានបបួលនាងទៅផឹកស៊ីក្នុងបន្ទប់ជួលរបស់បុរសម្នាក់ ដែលនៅក្នុងភូមិកើតហេតុខាងលើ។
ប្រភពដដែលបន្តទៀតថា ខណៈពេលទៅដល់បន្ទប់ជួល បុរសរូបនោះក៏បានទិញស្រាបៀរមកផឹកស៊ីជុំគ្នា៣នាក់ រហូតដល់ស្រវឹងជោកជាំរៀងៗខ្លួន ហើយស្ត្រីនោះក៏បានគេចខ្លួនបាត់ ដោយបន្សល់នៅតែរូបនាងជាមួយនឹងបុរសជាម្ចាស់បន្ទប់ តែពីរនាក់តទល់។
ប្រភពដដែលបន្តថា ក្រោយមក បុរសរូបនោះបានដឹកនាងតាមម៉ូតូមួយគ្រឿងមិនចាំម៉ាក លុះមកដល់កន្លែងកើតហេតុ ដោយសួរនាងថា «ទៅដេកនៅផ្ទះសំណាក់យកថ្លៃប៉ុន្មាន?»។ ពេលនាងឮបែបនេះ នាងបានឲ្យបុរសនោះឈប់ម៉ូតូ បើមិនឈប់ទេ នាងនឹងលោតពីលើម៉ូតូភ្លាម។
ភ្លាមៗនោះ បុរសនោះបានឈប់ម៉ូតូតាមការសំណូមពររបស់នារីរងគ្រោះ។ បន្ទាប់ពីឈប់ម៉ូតូ នារីរងគ្រោះបានកាច់សោពន្លត់ ដកសោម៉ូតូ រួចរត់ចូលក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងស្ថានភាពស្រវឹងវង្វេងស្មារតី ហើយស្រែកឲ្យគេឯងជួយ
ទើបបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលចោមរោមមើល និងសួរនាំ។ ក្នុងនោះ ក៏បានរាយការណ៍ទៅប្រាប់នគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យចុះមកកន្លែងកើតហេតុ ដើម្បីយកទៅសួរនាំផងដែរ។
ពាក់ព័ន្ធនឹងករណីនេះ លោក ថេង កុសល មេប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ៣ បានប្រាប់ភ្នាក់ងារព័ត៌មានតាមទូរសព្ទ កាលពីព្រឹកថ្ងៃទី៧មិថុនានេះថា ករណីនេះ បានកើតឡើងបែបនេះមែន ប៉ុន្តែក្រោយពេលលោកចុះទៅដល់កន្លែងកើតហេតុផ្ទាល់
បន្ទាប់ពីសួរនាំទើបដឹងថា នារីម្នាក់នេះជាមនុស្សមានសតិមិនល្អ ហើយធ្លាប់បានធ្វើសកម្មភាពបែបនេះរួចម្ដងមកហើយនៅសង្កាត់ស្ទឹងមានជ័យ។ លោកបន្តថា ពេលនេះក៏គ្មានរឿងប្ដឹងផ្ដល់គ្នាអីវែងឆ្ងាយនោះដែរ ពោលគឺរឿងនេះ ត្រូវបញ្ចប់ពេលនោះភ្លាមៗតែម្ដង៕