
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចុះត្រួតពិនិត្យស្ថានភាពតំបន់ឧទ្យានជាតិជើងភ្នំគូលែន ជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីឧទ្យាននុរក្ស ដើម្បីកំណត់ទីតាំងដែលត្រូវរៀបចំដាំដើមឈើឡើងវិញ និងគ្រប់គ្រងអោយបានតឹងរុឹងនិងម៉ត់ចត់បំផុត ជាពិសេសក្នុងតំបន់ដែលត្រូវបានរងការទន្ទ្រានវាតទីចាប់យកដី និងលួចសង់សំណង់ខុសច្បាប់។
ក្នុងពេលចុះត្រួតពិនិត្យនោះ លោកឃើញមានការទន្រ្ទានដីខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ ដីនិងសំណង់នៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជើងភ្នំគូលែនមួយចំនួនត្រូវបានកាប់កាប់ដោយខុសច្បាប់ពីសំណាក់សកម្មជនដីធ្លីជាបន្តបន្ទាប់ ក្រោយការបញ្ចប់ការវាស់វែងផ្តល់កម្មសិទ្ធិដីធ្លីរបស់យុវជនស្ម័គ្រចិត្តកាលពីឆ្នាំ២០១២។
ក្នុងនាមជាអាជ្ញាធរមូលដ្ឋានលោកបានបញ្ជាក់ថា រដ្ឋបាលស្រុកនឹងមិនទទួលស្គាល់ការទន្ទ្រានចាប់យកដីដោយខុសច្បាប់នេះឡើយ ហើយការកាន់កាប់ដោយខុសច្បាប់ទាំងនេះសុទ្ធតែមិនមានឯកសារគតិយុត្តិ។ ច្បាប់ភូមិបាលក៏មិនទទួលស្គាល់ការអាស្រ័យផល ដោយគ្មានប័ណ្ណក្រោយឆ្នាំ២០០១ដែរ។ រាល់ការទិញ លក់ដូរគ្រប់ប្រភេទត្រូវបានហាមឃាត់នៅក្នុងតំបន់ដីរដ្ឋនេះ ហើយក៏មិនអនុញ្ញាតអោយមានការផ្ទេរកម្មសិទ្ធិ ឬទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានក្រោមរូបភាពណាមួយជាដាច់ខាត។
លោកបានអំពាវនាវដល់សាធារណៈជនបង្កើនការប្រុងប្រយ័ត្ន ជៀសវាងនូវការខាតបង់ ចាញ់ការបោកបញ្ឆោតអោយទិញដីរដ្ឋ ទោះក្នុងតម្លៃទាបយ៉ាងណាក៏ដោយ។ រដ្ឋបាលស្រុកនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៍ដោយប្រការណាមួយឡើយ ហើយជនដែលលួចទន្ទ្រានយកដីរដ្ឋទៅលក់ នឹងត្រូវរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន។