
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន បើយើងភ្លេចខ្លួននោះ វីរុសកូវីដ១៩ នឹងវាយលុកមកយើងវិញ ក្នុងរយៈពេលដ៏ខ្លីបំផុត។
ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតបែបនេះ ជាការឆ្លើយតបទៅនឹងការអបអរសាទររបស់អ្នកសារព័ត៌មាន ដែលថា នេះជាជោគជ័យមួយជំហានរបស់ក្រសួងសុខាភិបាល
និងស្ថាប័នពាក់ព័ន្ធ ដែលបានព្យាបាលបានជាសះស្បើយបន្តបន្ទាប់ ហើយក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ យើងពុំបានរកឃើញករណីថ្មីនៃវីរុសកូវីដ១៩នោះ។
ជាការឆ្លើយតបនឹងការអបអរសាទរនេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ដូច្នេះថា «យើងមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ត្រូវប្រយ័ត្នខ្ពស់ណាស់ក្នុងដំណាក់កាលនេះ
ព្រោះទើបតែពីរថ្ងៃមិនមានករណីថ្មី តាមបច្ចេកទេសគ្រាន់តែជាការបង្ហាញនូវប្រសិទ្ធភាពអន្តរាគមន៍របស់យើងជាបណ្ដើរៗ តែប៉ុណ្ណោះ តែស្ថានភាពនៅផុយស្រួយណាស់។
ទោះជាយ៉ាងណា យើងត្រូវធ្វើឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសការចូលរួមពីបុគ្គលម្នាក់ៗនៅតែជាកូនសោគន្លឹះនៃការវាយបកទៅលើការចម្លងវីរុសកូវីដ១៩ សំដៅទៅរកភាពជោគដ៏ពិតប្រាកដបាន»។
អ្នកនាំពាក្យរូបនេះ បានបន្ត ដោយសង្កត់ធ្ងន់ថា «បើយើងភ្លេចខ្លួន សត្រូវនេះ នឹងវាយលុកមកយើងវិញ ក្នុងរយ:ពេលដ៏ខ្លីបំផុត។
ពេលខ្លះ មានការស្ងប់ស្ងាត់បន្តិច តែក៏អាចមានការរាតត្បាតជាបន្តទៀតដែរ ដែលគេហៅថា second wave។ ដូច្នេះ ត្រូវបោះជំហានសកម្មទប់ស្កាត់ជាបន្តទៀត ទើបអាចសង្កត់សត្រូវវីរុសកូវីដ១៩នេះបាន»៕