
ខេត្តសៀមរាប៖ប៉ុស្ដិ៍ជជុះ ជាច្រើនកន្លែង នៅស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានគេអះអាងថាជាប្រភេទជ្រកក្រោមស្លាក អង្គការ មួយចំនួន ដោយបើកឡានដេញកាក់ ពលរដ្ឋដឹកអុស យ៉ាងអនាធិបតេយ្យ បំផុត។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលប្រកបមុខរបរដឹងអុសនិងធ្យូង
រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ស្រុកស្វាយលើ បានលើកឡើងថា ពួកគាត់តែងតែឃើញ ក្រុមអង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជា ប្រចាំស្រុកស្វាយលើ បើកឡាន ដេញស្ទាក់ឡានពួកគាត់អាចដើម្បីទារប្រាក់ បង្កឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។
ករណីនេះប្រធានស្នាក់ការ អង្គការខាងលើ បានប្រាប់អ្នកសារព័ត៌មានថា ពិតជាបានដេញឡានមែន តែមិនបានឃាត់ទេ គ្រាន់តែពិនិត្យនិងថតរូបភាព ឯរឿងលុយក៏យកតិចតួចប៉ុណ្ណោះ។
ប្រជាពលរដ្ឋដឹកអុសម្នាក់ ក្នុងចំណោមនោះ បានប្រាប់ថា ជារៀងរាល់ថ្ងៃ គាត់តែងឃើញមានរថយន្ត និងម៉ូតូបើកប្រដេញឡានឬគោយន្តដែលដឹកអុសនិងឈើកែច្នៃ នៅលើដងផ្លូវនៃស្រុកស្វាយលើ ទំនង ដើម្បីទារលុយ។
ក្រៅពីរូបគាត់ គឺមានអ្នកផ្សេងទៀត ដូចជា អ្នកដឹកអុស ដឹកធ្យូងផងដែរ។ចំណែករថយន្តឈ្នួលដឹកមនុស្ស ក៏អាចមានក្រុមខាងលើប្រដេញស្ទាក់ដែរ។ ប្រជាពលរដ្ឋដដែលបន្តថា ក្រុមអ្នកបើករថយន្តប្រដេញទាំងនោះ មិនដឹងច្បាស់ថា ជាមន្ត្រីជំនាញ ឬអង្គភាពមកពីខាងណាឲ្យប្រាកដឡើយ។
ចំណែកអ្នករត់តាក់ស៊ី ឡានប្រភេទសាំយ៉ុងម្នាក់ទៀត ក៏បានផ្តល់ព័ត៌មានមកថា ខ្លួនធ្លាប់បានទទួលរងការប្រដេញស្ទាក់ ដោយ អង្គការបរិស្ថានខាងលើនោះច្រើនដងមកហើយ។ រាល់ពេលឃាត់ឡានរបស់ខ្លួន ក្រុមមនុស្ស៣ទៅ៤នាក់ ដែលខ្លះឯកសណ្ឋានស្រដៀងមេព្រៃនិងខ្លះស៊ីវិលនោះ តែសួរថា មានដឹកឈើដែរឬអត់?។
ការប្រដេញស្ទាក់ មិនថាពេលថ្ងៃឬយប់បែបនេះ ធ្វើអោយអ្នកជិះក្នុងឡានភ័យខ្លាចយ៉ាងខ្លាំង រហូតលើកជា ហេតុផលពីរ មកសួរ។ទី១ បង្កគ្រោះថ្នាក់ដូចជាបុកជល់ ទី២ បើមិនមែនជាសមត្ថកិច្ចពិតប្រាកដ អាចជាក្រុមណាមួយក៏ថាបាន។
ជាមួយគ្នានោះ បុរសខាងលើ ក៏បានទទូចសុំអោយអាជ្ញធរមានសមត្ថកិច្ច ពិនិត្យ ហើយបើសិនជាអាច គួបញ្ឈប់ការដាក់ប៉ុស្ដិ៍ជជុះ សម្រាប់ប្រដេញស្ទាក់បែបនេះ។ ពិសេសទៅទៀត មិនគួរអោយមានស្នាក់ការ អង្គភាពដែលមិនមែនជាសមត្ថកិច្ចពិតប្រាកដនោះឡើយ។
ពាក់ព័ន្ធករណីនេះអាជ្ញាធរភូមិ ទឹកលិច ឃុំបឹងមាលា នៃស្រុកស្វាយលើ បានឲ្យដឹងតាមទូរសព្ទថា ករណីអង្គការខាងលើនេះ អាជ្ញាធរ ក៏បានឃើញថា ពួកគាត់ចុះមកអនុវត្តន៍ការងារនេះ វាហាក់លើសពីច្បាប់អីចឹងមែន។ ព្រោះប្រជាពលរដ្ឋ បានរាយការណ៍មកគាត់ថា គ្រាន់តែប្រជាពលរដ្ឋដឹកអុស ក៏បើកឡានដេញកាក់យកលុយ ហើយពលរដ្ឋឲ្យលុយមួយម៉ឺនរៀល អត់យកទេ។
ក្នុងនាមអាជ្ញាធរមូលដ្ឋាន ស្នើឲ្យស្ថាប័ន ពាក់ព័ន្ធមេត្តាជួយចាត់ការករណីបែបនេះផង ព្រោះអង្គការប្រភេទនេះមិនដែលមានអ្វីជួយដល់ពលរដ្ឋនោះទេ ផ្ទុយទៅវិញ គឺមានតែធ្វើបាបពលរដ្ឋប៉ុណ្ណោះ។
អាជ្ញាធរស្រុកស្វាយលើ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា បញ្ហាកុងត្រូលជជុះឬប៉ុស្ដិ៍ជជុះនៅតាមដងផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ស្រុកស្វាយលើ អាជ្ញាធរ នឹងមានចំណាត់ការ តាមផ្លូវច្បាប់ជាធរមាន ដោយមិនលើកលែងបុគ្គលណាដែលធ្វើខុសច្បាប់នោះឡើយ។
ជុំវិញការចោទប្រកាន់ខាងលើនេះ លោកសំ សៅ ប្រធានស្នាក់ការ អង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជា ប្រចាំស្រុកស្វាយលើ បានប្រាប់អ្នកសារព័ត៌មានថា លោកមិនដែលស្ទាក់ឬឃាត់ឡាននណាបានមួយគ្រឿងនោះឡើយ។ បើរឿងដេញ ពិតជាមានមែន ពេលមានគេរាយការណ៍ថា ជាឡានសង្ស័យ។
តែដេញដើម្បីថតរូបភាពទុកប៉ុណ្ណោះ។ លោកបន្តថា ចំណែករឿងយកលុយ គឺមិនបានទាមទារនោះឡើយ គេអោយ ៣ពាន់រៀលក៏យក ៥ពាន់រៀលក៏យក។
លោកបន្ថែមថា ស្នាក់ការរបស់លោកទោះបីទើបលើលស្លាកត្រឹមរយ:ពេល៥ខែ តែមាន ច្បាប់ពីក្រសួងនិងខេត្ត។
ទោះជាបែបនេះក្តី ក៏ប្រជាពលរដ្ខក្នុងមូលដ្ឋាន ស្រុកស្វាយលើ ទទូចសុំកុំអោយមាន ប៉ុស្ដិ៍ជជុះឬកុងត្រូល ប្រដេញស្ទាក់បែបនេះ ព្រោះអាចជាមុខសញ្ញាគ្រោះថ្នាក់បំផុត៕សៀមរាបប៉ុស្តិ៍