
ខេត្តព្រះសីហនុ ៖ មន្ត្រីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានឲ្យដឹងថា បុគ្គលិកកាស៊ីណូជាជន ជាតិខ្មែរជិត៨ពាន់នាក់ បានបាត់បង់ការងាររួចហើយ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបិទអាជីវកម្មល្បែងអនឡាញ ។
ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោក យ៉ូវ ខេមរា ត្រូវបាន VOD ដក ស្រង់សម្តីថា កាស៊ីណូចំនួន៧៣កន្លែងកំពុងស្ថិតក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ នៅក្នុងខេត្តជាប់ មាត់សមុទ្រមួយនេះ ។
ប៉ុន្តែកាស៊ីណូចំនួន៤កន្លែង បានសម្រេចបិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំង ស្រុង ខណៈកាស៊ីណូចំនួន២៣កន្លែងទៀតបានបញ្ឈប់បុគ្គលិកអស់នៅសល់តែអ្នកយាម ហើយកាស៊ីណូ៣៣កន្លែងទៀតបានព្យួរការងារបុគ្គលិកជាបណ្ដោះអាសន្ន ។
តាម VOD ដដែលថា គិតមកដល់ថ្ងៃទី២៩ ខែធ្នូ មានបុគ្គលិកជាជនជាតិខ្មែរប្រមាណ ៧.៧០០នាក់ហើយ ដែលបាត់បង់ការងារ ដោយសារការបិទអាជីវកម្មល្បែងអនឡាញ ។
លោក យ៉ូវ ខេមរា បានអះអាងថា ៖ «មួយចំនួនដែលគាត់មកធ្វើការនៅក្នុងវិស័យកាស៊ីណូនេះ ដោយសារប្រាក់បៀវត្សរ៍ខ្ពស់ជាងរោងចក្រ កាត់ដេរ ។
លុះដល់ពេលកាស៊ីណូបិទទៅ គាត់នឹងត្រឡប់ទៅកាត់ដេរវិញ តែមួយចំនួនទៀតមិនមាន បទ ពិសោធន៍ទេ ក៏បានត្រឡប់ទៅស្រុកកំណើតវិញមួយរយៈ ឬអាចត្រឡប់មករកការងារធ្វើវិញក៏មាន» ។
ក្នុងចំណោមជនជាតិចិនដែលមករស់នៅធ្វើការក្នុងខេត្តព្រះសីហនុ សរុបប្រមាណ៣ម៉ឺននាក់ បានចាកចេញពីកម្ពុជាអស់ប្រមាណ ២៤.០០០នាក់ហើយ ឬប្រហែលពី៧០ភាគរយ ទៅ៨០ភាគរយ ។
ក្នុងឆ្នាំ២០១៩ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានទទួលពាក្យបណ្ដឹងទាំងវិវាទរួម និងវិវាទបុគ្គលចំនួន១០៥ករណី ក្នុងនោះមួយករណីចុងក្រោយជាទំនាស់ការងាររឿងបិទកាស៊ីណូព្រោះថៅកែរត់ចោល ។
អ្នកនាំពាក្យរដ្ឋបាលខេត្ត លោក ឃាង ភារម្យ បានថ្លែងថា បច្ចុប្បន្នថ្នាក់ដឹកនាំខេត្តបានធ្វើសកម្មភាពចុះត្រួតពិនិត្យតាមទីតាំងនានា ដើម្បីបិទអាជីវកម្មល្បែងអនឡាញទាំងអស់ក្នុងខេត្តត្រឹមម៉ោងសូន្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ នេះ ។
លោក ឃាង ភារម្យ បានបន្តថា ៖ «សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ គឺមិនមែនតែកាស៊ីណូអនឡាញហ្នឹងទេ ។ សក្តានុពលខេត្តព្រះសីហនុ យើងមានកំពង់ផែទឹកជ្រៅ យើងមានតំបន់សេដ្ឋកិច្ចពិសេស៥កន្លែងកំពុងដំណើរការ ហើយ៤កន្លែងទៀតកំពុងរៀបចំដាក់ឱ្យដំណើរការ ។
ឯរោងចក្រ សហគ្រាស ក៏យើងមានច្រើនរាប់រយ ហើយយើងមានតំបន់ឆ្នេរសមុទ្រ មានកោះ ដែលជាកាលានុវត្តភាពរបស់ខេត្ត» ។
អគ្គនាយករងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក រស់ ភិរុណ បានបញ្ជាក់ថា អំឡុងឆ្នាំ២០១៩នេះ កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណឱ្យអ្នករកស៊ីបើកកាស៊ីណូចំនួន២១៨ ក្នុងចំណោមនោះ អ្នកសុំអាជ្ញាប័ណ្ណរកស៊ីល្បែងអនឡាញមានជាង១០០ ។
លោកអះអាងថា សម្រាប់របរកាស៊ីណូទាំងល្បែងនិងមិនមែនល្បែង ក្នុងមួយឆ្នាំបានផ្តល់ចំណូលសរុបប្រមាណ៨០លានដុល្លារ ។
កាលពីថ្ងៃទី១៨ ខែសីហាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរបិទអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធើរណេតអនឡាញក្នុងនិងក្រៅប្រទេសគ្រប់រូបភាព ។
ការសម្រេចបែបនេះ ក្រោយពីពិនិត្យឃើញថា មានឧក្រិដ្ឋជនបរទេសមួយចំនួនបានជ្រកក្រោមរូបភាពល្បែងប្រភេទនេះ ធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ៕ កោះសន្តិភាព