
សៀមរាប៖ឈ្មួញដ៏មានឥទ្ធិពល បានយកគ្រឿងចក្រចូលទៅឈូសឆាយព្រៃលិចទឹកជីកយកអាចម៍ដីលក់ បានត្រឹមទទួលទោសពីមន្ទីរជំនាញរ៉ែនិងថាមពល អោយធ្វើកិច្ចសន្យា ក្រោមលេសស្តារប្រឡាយចាស់ និងស្តារស្រះចាស់។
កំណត់ហេតុរបស់មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បង្ហាញថា ម្ចាស់គ្រឿងចក្រឈ្មោះវ៉ាន់ ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវផ្អាកសកម្មភាពឈូសឆាយ ហើយដកគ្រឿងចក្រចេញពីទីតាំង។
ចំណែកឈ្មោះសុខ លីន ភេទប្រុសអាយុ៣៦ឆ្នាំ ត្រូវផ្អាកសកម្មភាព ហើយដកគ្រឿងចក្រចេញពីទីតាំង។
ការដែលឈ្មួញមានអំណាចយកគ្រឿងចក្រទៅឈូសឆាយព្រៃលិចទឹក ហើយជីកយកអាចម៍ដីលក់នៅតំបន់ហាមឃាត់ ហើយបែរជាទទួលទោសត្រឹមធ្វើកិច្ចសន្យាបែបនេះ បានធ្វើអោយសមត្ថកិច្ចដែលចូលរួមទប់ស្កាត់ ឃាត់គ្រឿងចក្រ សម្តែងការខកចិត្តយ៉ាងខ្លាំង។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ លើកឡើងថា អ្នកណាក៏ហ៊ានបំផ្លាញព្រៃលិចទឹកដែរ បើល្បែងដែលលេងហើយមានតែស្មើនិងឈ្នះ បែបនេះ ពោលគឺគ្មានទោសតាមផ្លូវច្បាប់ឡើយ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ម្សិលមិញនេះ សមត្ថកិច្ចចម្រុះ ដែលរួមមាន ប៉ូលិសមូលដ្ឋាន ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្វ មន្ទីរបរិស្ថាន មន្ទីររ៉ែនិងថាមពល ព្រមទាំងខាងជលផល បានចុះទៅឃាត់ឡានដឹកដី និង គ្រឿងចក្រ ដែលកំពុងជីកកាយទន្ទ្រានដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ។
គ្រឿងចក្រដែលសមត្ថកិច្ចចុះទៅឃាត់នេះ រួមមានឡានដឹកដី៤គ្រឿង អេស្កាវាទ័រ ២គ្រឿងនិងឡានសម្រាប់ដឹកគ្រឿងចក្រមួយគ្រឿង។ ប៉ុន្តែនៅរសៀលថ្ងៃដដែល ក៏ត្រូវបានដោះលែងទៅវិញអស់ ៕អត្ថបទ៖ CPC NEWS