ខេត្តកំពង់ឆ្នាំង៖ ស្ពានដែកបេឡេមួយកន្លែង ស្ថិតតាមផ្លូវកៅស៊ូ ក្នុងភូមិជីប្រ៉ង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានទទួលរងនូវការខូចខាត បាក់ចំពាក់កណ្តាលស្ពានតែម្តង បន្ទាប់ពីមានរថយន្តធុនធំមួយគ្រឿង បានបើកឆ្លងកាត់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលដឹកធ្ងន់ រហូតបណ្តាលឲ្យបាក់ស្ពាននេះ ជារថយន្តយីឌុប ម៉ាកហីយ៉ាន់ដាយ ដឹកចំណីសត្វ ពេលដែលបើកឆ្លងកាត់ ក៏បណ្តាលឲ្យស្ពានបេឡេនេះ បាក់តែម្តង បណ្តាលឲ្យរថយន្តទៅមុខលែងរួច ។ ប៉ុន្តែមិនបណ្តាលរងគ្រោះថ្នាក់ដល់មនុស្ស នោះទេ ។ ក្រោយពេលកើតហេតុ សមតកថកិច្ចបានចុះទៅពិនិត្យផងដែរ និង ឃាត់ម្ចាស់ រថយន្ត ដើម្បីឲ្យដោះស្រាយចំពោះការខូចខាតស្ពាននេះ ។
ប្រជាពលរដ្ឋនៅទីនោះ បានរិះគន់ទៅលើមន្ត្រី និងសមត្ថកិច្ចដែលនៅទីនោះ បណ្តោយឲ្យរថយន្តដឹកធ្ងន់បែបនេះ ដឹកឆ្លងកាត់ស្ពានបេឡេ ដែលគ្រាន់តែស្ពានសម្រាប់ឆ្លងបណ្តោះអាសន្ន ក្នុងការវាងផ្លូវប៉ុណ្ណោះ ដែលមិនអាចទ្រទម្ងន់ធ្ងន់បែបនេះបានឡើយ ៕