យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចោរឆក់២នាក់ ដែលធាក់ម៉ូតូជនរងគ្រោះឲ្យដួលបោកក្បាលស្លាប់ប្ដី ចោលប្រពន្ធកូន នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមចាប់ខ្លួនបានហើយ។

ដោយជនសង្ស័យទី១ឈ្មោះ ខៀវ ផល្លា ហៅខ្លា ភេទប្រុស អាយុ២១ឆ្នាំ ឃាត់ខ្លួននៅត្រង់ចំនុចវត្តថ្មី ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ លុះមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣:៤០នាទី ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទី២មាន ឈ្មោះ មុឹង ប៊ុនវាសនា ហៅអាបូូ ភេទប្រុស អាយុុ២១ឆ្នាំ (ជាអ្នកឆក់កាបូប និងបានធាក់ម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់) ឃាត់ខ្លួននៅត្រង់ចំនុចមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។ក្រោយពីបានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី។

គួររំលឹកថាកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៥:៣០នាទីព្រឹក មានករណីឆក់កាបូបក្រវ៉ាត់ចង្កេះ របស់ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធ ត្រង់ចំនុចសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលអោយជនរងគ្រោះឈ្មោះ ចយ អាង ស្លាប់នៅកន្លែងកេីតហេតុ៕