
ប្រជានេសាទនៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នឡូត៍នេសាទលេខ១៣ និងលេខ១៤ ក្នុងតំបន់បឹងទន្លេសាបកំពុងត្រូវបានមន្ត្រីរដ្ឋបាលជលផលលក់ឲ្យក្រុមឈ្មួញធ្វើអាជីវកម្មបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយដោយគ្មានញញើតអ្វីទាំងអស់។ ប្រជានេសាទបានលើកឡើងថា ការដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកជលគិរី ហ៊ានលក់អតីតឡូត៍នេសាទលេខ១៣ និងលេខ១៤ ឲ្យឈ្មួញធ្វើអាជីវកម្មយ៉ាងគឃ្លើន គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ចំណែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងសម្ងំស្ងៀមទុកឲ្យមន្ត្រីពុករលួយមួយចំនួនធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងស្រុកជលគិរី កំពុងកើតឡើងយ៉ាងរាលដាល។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ក្បែរដែនឡូត៍នេសាទលេខ១៣ និងលេខ១៤ បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញដែលមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល កំពុងប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយ។ ជាងនេះទៅទៀតឈ្មញដែលទទួលបានសិទ្ធិពីមន្ត្រីពុករលួយក្នុងការគ្រប់គ្រងអតីតឡូត៍នេសាទលេខ១៣ និងលេខ១៤ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅធ្វើស្រែចម្ការចិញ្ចឹមជីវិត។ ទន្ទឹមនឹងនេះមន្ត្រីអាជ្ញាធរឃុំ និងមន្ត្រីអាជ្ញាធរស្រុក ធ្វើមិនដឹងមិនឮអ្វីទាំងអស់ក្នុងខណៈដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកជលគិរី ឃុបឃិតលក់អតីតឡូត៍នេសាទលេខ១៣ លេខ១៤ ឲ្យឈ្មួញធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងនាពេលបច្ចុប្បន្ននេះ។
ជុំវិញបញ្ហាខាងលើនេះប្រជានេសាទជាលក្ខណៈគ្រួសារបានអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់មន្ត្រីរដ្ឋបាលជលផល ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ជាបន្ទាន់។ ដោយហេតុថា សព្វថ្ងៃនេះពួកគេលក់អតីតឡូត៍នេសាទលេខ១៣ លេខ១៤ ឲ្យឈ្មួញធ្វើអាជីវកម្មបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយ ហើយការដែលពួកគេហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ក៏ដូចជាលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយផងដែរ។
ជាក់ស្ដែងបច្ចុប្បន្ននេះប្រជាពលរដ្ឋមិនអាចចូលទៅនេសាទក្នុងអតីតឡូត៍នេសាទលេខ១៣ និងលេខ១៤ នោះបានទេហើយសូម្បីតែធ្វើដំណើរឆ្លងកាត់ដើម្បីទៅធ្វើស្រែចម្ការ ក៏ត្រូវក្រុមឈ្មួញបង្កការរំខានយ៉ាងពេញបន្ទុកទៀតផង៕
លោក អេង ជាសាន អគ្កនាយករដ្ឋបាលជលផល
ប្រភព៖ មនសិកាខ្មែរ