
បណ្ដាញសារព័ត៌មានក្រៅប្រទេសមួយ បានរាយការណ៍ពីរឿងរ៉ាវរបស់បងប្អូន២នាក់ សម្រាប់ទុកជាការពិចារណាដែលសាច់រឿងនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្ដាញអ៊ីនធឺណិត ដោយមានបងប្អូនភ្លោះមួយគូឈ្មោះ ឆវីហ៊ុយ និង ឆវីធីង ជាកូនស្រីភ្លោះរបស់ម្ដាយម្នាក់ឈ្មោះ លី អ្នកទាំងបីជាជនជាតិចិន។
កូនបងជាក្មេងល្អ ស្ដាប់បង្គាប់ឪពុកម្ដាយ តែប្អូនវិញមានចិត្តមានះរឹងរូស ប្រកាន់ខ្លួន ចូលចិត្តឡេះឡោះ ទើបធ្វើឲ្យគ្រប់គ្នានៅក្នុងផ្ទះ តែងតែសរសើរបងជានិច្ច ព្រោះបងស្រីរបស់នាងទាំងស្អាតទាំងរៀនពូកែ គ្រប់គ្នាអាណិតស្រលាញ់ តែពេលនិយាយដល់រឿងប្អូនគ្រប់គ្នាក៏គ្រវីក្បាលតែម្ដង។
ដោយសារហេតុនេះហើយទើបធ្វើឲ្យ ឆវីធីង ដែលជាប្អូនស្រីច្រណែនបងខ្លួនឯងយ៉ាងខ្លាំង នាងមិនយល់ថាហេតុអ្វី គ្រប់គ្នាស្រលាញ់តែបងស្រី ទើបគ្រប់ពេលដែលនាងជួបមុខបងស្រីនាង នាងតែងតែចិញ្ចឹមចិត្តស្រែកគំហកដាក់ស្ទើររាល់លើក តែបងស្រីនាងក៏អត់ឱនឲ្យនាងគ្រប់ពេល ព្រោះគិតថាប្អូនឆេវឆាវ ឆាប់ប្រតិកម្ម គិតគូរមិនសូវបានវែងឆ្ងាយ។
ដល់ពេលដែលនាង និងបងស្រី ត្រូវប្រលងចូលរៀនមហាវិទ្យាល័យ តែគ្រួសាររបស់នាងមិនបានសំបូរទ្រព្យធន ឲ្យបន្ដការសិក្សានោះទេ។ នាងជាប្អូនក៏យំសុំអង្វរ ព្រោះចង់រៀនបន្ដថ្នាក់មហាវិទ្យាល័យ បើទោះបីជាបងស្រី នាងរៀនពូកែជាងនាង ហើយអាចប្រលងចូលមហាវិទ្យាល័យបានយ៉ាងងាយស្រួល តែនាងមិនព្រម ទើបបងស្រីរបស់នាងធ្វើជាប្រលងធ្លាក់ដើម្បីឲ្យនាងបានរៀនបន្ដ។
ក្រោយពេលបងស្រីមិនបានចូលរៀនមហាវិទ្យាល័យ គាត់ក៏ចេញទៅធ្វើការរកលុយ ដើម្បីជួយផ្គត់ផ្គង់ឲ្យនាងរៀនបន្ថែម។ តែទង្វើទាំងនេះមិនបានធ្វើឲ្យនាងជាប្អូនស្ងប់ចិត្តឡើយ ចិត្តគំនិតរបស់នាងនៅតែច្រណែនបងស្រីរបស់ខ្លួន ហើយតែងតែអួតថា ខ្លួនមានមិត្តប្រុសជាអ្នកមាន ឡូយឆាយហ៊ឺហាទៀតផង។
តែខណៈពេលដែលបងស្រីនាងបានដឹងរឿង គាត់ក៏ខ្វល់ខ្វាយខ្លាចនាងត្រូវគេបោក ហើយបងស្រីនាងក៏ព្យាយាមដាស់តឿនក្រើនរម្លឹកបន្ថែម តែនាងបែរជាគិតថា បងស្រីនាងច្រណែនខ្លួនទៅវិញ។ នាងតែងតែពោលដាក់បងថា នាងធំប៉ុណ្ណឹង រៀនសូត្របានខ្ពស់ប៉ុណ្ណឹង ចេះគិតហើយ មិនបាច់ឲ្យបងមកប្រដៅនាងដូចកូនក្មេងពេកទេ។
មិនយូរប៉ុន្មាន បងស្រីរបស់នាងក៏បានជួបនឹងគូជីវិតដែលជាទាហានម្នាក់ផងដែរ។ នៅក្នុងពិធីរៀបការរបស់បងស្រី នាងជាប្អូនបែរជាសើចចំអកដាក់បង ដូចមិនឲ្យកិត្តិយសបងស្រី និងស្វាមីរបស់បងស្រីនាងទាល់តែសោះ ទើបធ្វើឲ្យបងស្រីរបស់នាងខឹងខ្លាំងមែនទែន ទប់អារម្មណ៍មិនបានក៏មានការឈ្លោះប្រកែកគ្នាមួយប្រាវ រហូតចុងក្រោយធ្វើឲ្យពីរនាក់បងប្អូននេះ កាត់ផ្ដាច់ទំនាក់ទំនងជាបងប្អូននឹងគ្នាតែម្ដងទៅ។
ក្រោយពីនោះមក នាងជាប្អូនក៏បានរៀបការជាមួយនិងសេដ្ឋីម្នាក់ជាម្ចាស់ជំនួញធំប្រាកដមែន។ ៨ ឆ្នាំកន្លងផុតទៅ នាងនិងបងស្រី ក៏នៅតែមិននិយាយរកគ្នាធ្វើឲ្យអ្នកស្រីលី ជាម្ដាយសោកស្ដាយ និងក្រៀមក្រំពិបាកចិត្តយ៉ាងខ្លាំង ព្រោះគាត់មិនគិតថា មិនគួរណារឿងរ៉ាវបន្តិចបន្តួចនេះ អូសបន្លាយយូរដល់ថ្នាក់នេះឡើយ ទើបម្ដាយរបស់នាងសម្រេចចិត្តធ្វើពុតជាឈឺ ហើយផ្ដល់ព័ត៌មានដល់កូនទាំងពីរឲ្យមករក។
ពេលដែលម្ដាយរបស់នាងផ្ដល់ដំណឹងមកនោះ គឺជាពេលដែលម្ដាយរបស់នាងដឹងការពិតថានាង (ប្អូន) និងស្វាមីបានចុះចោលយូរហើយ ដោយសារស្វាមីនាងលួចមានស្រីថ្មី ក្រោយពេលសម្រស់នាងបាក់រូបបាក់ឆោម លែងសូវស្រស់ស្អាតដូចមុន។ នាងមិនហ៊ានត្រឡប់ទៅផ្ទះ ព្រោះខ្លាចម្ដាយដឹងរឿងនេះ ចំណែកបងស្រីរបស់នាង ក៏មានក្ដីសុខក្នុងជីវិតគូរបស់គាត់ រហូតពេលនេះមានកូនស្រីភ្លោះថែមទៀតផង។
ទីបំផុត នាងបានដើរចូលទៅក្នុងផ្ទះ ហើយលុតជង្គង់សុំទោសបងស្រី ដែលមិនព្រមស្ដាប់ការដាស់តឿនក្រើនរម្លឹក ភ្លើតភ្លើននឹងទឹកប្រាក់របស់មិត្តប្រុសថែមទាំងថា បងស្រីខ្លួនច្រណែនខ្លួនថែមទៀត ហើយពេលនេះ នាងយល់ច្បាស់ហើយថា បងស្រីរបស់នាងតែងតែបារម្ភ និងស្រលាញ់នាងពិតៗជាងអ្នកណាៗទាំងអស់ បន្ទាប់ពីឪពុកម្ដាយ។
រឿងរ៉ាវមួយនេះបានធ្វើឲ្យអ្នកស្រីលី ជាម្ដាយរំភើបចិត្តឥតឧបមា ក្រោយឃើញកូនៗត្រូវរ៉ូវគ្នាវិញ ហើយស្ទុះទៅឱបកូនស្រីទាំងពីរហើយនិយាយថា “មិនថាមានអ្វីកើតឡើងយ៉ាងណា យើងជាបងប្អូនគ្នាត្រូវចេះស្រលាញ់គ្នា មិនថាជួបរឿងអាក្រក់ល្អយ៉ាងណា ចុងក្រោយយើងក៏ត្រូវចេះអត់ឱន និងអភ័យទោសឲ្យគ្នា ព្រោះសាច់ឈាមបង្កើតកា ត់យ៉ាងណាក៏កាត់មិនដាច់ដែរណាកូនម៉ែ”៕ អត្ថបទ៖ khmer-global.com