ខេត្តព្រះវិហារ ៖ សំឡេង​ផ្ទុះ​លើ​អាកាស​បាន​លាន់​កក្រើក​ដី កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រយង់ ស្រុក​គូលែន ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​បំណែក​ដែក​ដែល​ទំនងជា​យន្តហោះ បាន​ធ្លាក់​រាយ​ប៉ាយ​ពេញ​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ឃុំ​នេះ ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រយង់បាន​ឲ្យ​ដឹងថា ពួក​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឮ​សំឡេង​ផ្ទុះ​លាន់ឮ​កក្រើក​ដី​ទាំង​ព្រឹក​ព្រលឹម ហើយ​អ្នកខ្លះ​ក៏​មានការ​ភ័យ​ខ្លាច​ដែរ ព្រោះ​មិនដឹង​ថា ​ជា​សំឡេង​អ្វី​ដែល​ផ្ទុះ​នៅ​លើ​មេឃ។

លុះមួយសន្ទុះ​ក្រោយមក ក៏​មាន​លេចឮ​ដំណឹង​ថា មាន​បំណែក​ដែក​ជា​ច្រើន​បាន​ធ្លាក់​រាយ​ប៉ាយ​តាម​ភូមិ​និង​តាម​ព្រៃ ហើយ​ក៏​មាន​មន្ត្រី​សមត្ថកិច្ចទៅ​ពិនិត្យ​មើល និង​ប្រមូល​យក​បំណែក​ទាំង​អស់នោះ​មក​រក្សា​ទុក ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ ។

តាម​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយសេនាធិការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​នេះ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជូន​អ្នកជំនាញ​ទៅ​ត្រួតពិនិត្យ​ភ្លាម​ៗ ដើម្បី​ប្រមូល​យក​វត្ថុ​តាង​ទាំង​អស់នោះ​មក​រក្សា​ទុក ធ្វើការ​ត្រួតពិនិត្យ​ពី​ប្រភព​ដែល​នាំ​ឲ្យ​កើត​មានការ​ផ្ទុះ​នេះ​ថា តើ​មាន​ប្រភព​មកពីណា​ ។

លោក​ឧត្តមសេនីយ៍​បន្ថែម​ថា នេះ​ជា​ករណី​ផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ ហើយ​ការ​ផ្ទុះ​បែប​នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​សម្រាប់​ខេត្តព្រះវិហារ គឺ​មាន​៣​លើក​រួច​មក​ហើយ និង​នៅ​ពេល​មានការ​ផ្ទុះ​គឺ​ស្ថិត​នៅ​លើ​ភូមិសាស្ត្រ​ស្រុក​គូលែន​២​លើក ។

មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ប្រមូល​កម្ទេចកម្ទី​បំណែក​យន្តហោះ​នេះ​មិន​ទាន់​រួចរាល់​នៅឡើយ​ទេ ។ គួរ​រំឭក​ថា ករណី​ផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ បាន​កើតឡើង​លើក​ទី​៤​ហើយ​នៅ​ក្នុង​ទឹកដី​នៃ​ខេត្តព្រះវិហារ ដោយ​ក្នុង​នោះ​ស្រុក​គូលែ​ន​ជា​លើក​ទី​២​ហើយ តែ​ពុំ​មាន​ប៉ះពាល់ ឬ​បង្កឲ្យ​ប្រជាជន​រង​របួស​ដោយសារ​តែ​ការ​ធ្លា​ក់បំណែ​ក​យន្តហោះ​ទាំងនោះ​ឡើយ ។

ទោះបីជា​បែប​ណា រហូត​មក​ដល់​ពេល​នេះទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច មិន​ទាន់​អាច​សន្និដ្ឋានឱ្យ​ច្បាស់លាស់​ថា តើ​បំណែក​ទាំងនេះ​ជា​អ្វី​ពិតប្រាកដ​នោះ​ទេ គ្រាន់តែ​ចាត់​ទុក​ថា​ជា​បំណែក​យន្តហោះ​គ្មាន​មនុស្ស​បើកបរ ព្រោះ​ធ្លាប់តែ​កើត​មាន​កន្លង​មក ។សមត្ថកិច្ច​ជា​ច្រើន​នាក់ រួម​ទាំង​ប្រជាពលរដ្ឋ​ផង បាន​ស្វែងរក​បំណែក​ដែក​ដែល​ធ្លាក់​មក​លើ​ដីជា​ច្រើន​គោលដៅ ខ្លះ​ធ្លាក់​មក​លើ​ដី​ឡូត៍ ខ្លះ​ធ្លាក់​ចំ​ដីចម្ការ និង​ខ្លះ​ទៀត​ចំ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្ដង គឺជា​ប្រភេទ​ដែក​អាលុយមីញ៉ូម ។

យោង​តាម​របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​គូលែន លោក ឡាញ់ លី​ស៊ីវ​ឡេ​ង បាន​បង្ហាញ​ថា ក្រោយ​មាន​សំឡេង​ផ្ទុះ​លើ​អាកាស​នេះ ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក ថ្នាក់​ឃុំ កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បាន​ធ្វើការ​ស្រាវជ្រាវ​រក​បំណែក​ដែក​ដែល​ធ្លាក់​នោះ​ក្នុងភូមិសាស្ត្រ​ឃុំ​ស្រយង់ ដោយ​បាន​រក​ឃើញ​បំណែ​ក​យាន​ចំនួន​៩​កន្លែង ៖

១-​ចំណុច​ផ្សារ​អី​ថន ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ចំនួន​២​ដុំ​ទម្ងន់​០,៦០​ក្រាម

២-​ចំណុច​ដី​ឡូត៍​ផ្ទះ​របស់​ឈ្មោះ កេ​ន កាន់ ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ចំនួន​១​ដុំ ទំហំ​០,៩០X០,៨១ ទម្ងន់​៧,៥០​គីឡូក្រាម

៣-​លើដំបូល​ផ្ទះ​របស់​ឈ្មោះ អុ​ឹ​ម ហាក់ ភូមិ​ស្រយង់​ត្បូង ចំនួន​១​ដុំ​ទម្ងន់​១,៣០​គីឡូក្រាម ទំហំ​១,២៣x៥ហ៊ុន

៤-​ដីចម្ការ​របស់​ឈ្មោះ ឃុន មុត ភូមិស្រយង់​ត្បូង ទម្ងន់​១២​គីឡូក្រាម

៥-​ចំណុច​ដី​ឡូត៍​របស់​ឈ្មោះ អៀម កាក់ ភូមិ​ស្រយង់ជើង ទម្ងន់​២​គីឡូក្រាម

៦-​ដី​ឡូត៍​របស់​ឈ្មោះ បូ ជី ភូមិ​ស្រយង់ជើង ចំនួន​១​ដុំ ទម្ងន់​១,៥០​គីឡូក្រាម

៧-​ចំណុច​ជ្រៃ​ក្ងោក ក្នុង​ចម្ការ​របស់​ឈ្មោះ​តា​គង់ ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រយង់ជើង ចំនួន​១​ដុំ ទម្ងន់​៧​គីឡូក្រាម

៨-​ចំណុច​ខ្នារ​វាំង ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រយង់ជើង ក្នុង​ស្រែ​របស់​ឈ្មោះ ឌី សិ​ដ្ឋ ចំនួន​១​ដុំ​ទម្ងន់​២,៥០​គីឡូក្រាម

៩-​ចំណុច​ស្រែ​ផុង ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្រយង់ជើង ក្នុង​ស្រែ​របស់​ឈ្មោះ ឃី​ន តាប់ ចំនួន​១​ដុំ ទម្ងន់​៨​គីឡូក្រាម ៕