រាជធានី​ភ្នំពេញ ៖ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ស្រាល​ប្រចាំ​ក្លិប​កងរាជអាវុធហត្ថ​រាជ​ធានី​​ភ្នំពេញ ឡោ សំណាង ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​​ហើយ​នោះ បច្ចុប្បន្ន​បាន​ក្លាយ​ខ្លួន​ជា​អ្នក​រត់​តាក់​ស៊ី បន្ទាប់​ពី​ចាប់​អាជីព​ធ្វើ​ជា​ឈ្មួញ​រក​ស៊ីមិនសូវ​កាក់កប​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​។

ក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​លោក ឡោ សំណាង បាន​រៀប​រាប់​ថា បន្ទាប់​ពី​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​ទាំង​វ័យក្មេង​លោក​បាន​ចាប់​អាជីព​ជា​អ្នក​រកស៊ី​វិញ​ម្ដង ដោយ​កាលពីមុន​ធ្វើ​ជា​អ្នក​កិប​សំបុត្រ​កង់​-​ម៉ូតូ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​បាន​ប៉ុន្មាន​ឆ្នាំ​ដែរ ។

ប៉ុន្តែ​មុខរបរ​នេះ​មិនសូវ​ជា​កាក់កប​ទេ​ដោយ​សារ​តែ​មាន​គេ​ដេញថ្លៃ​ខ្ពស់​ពេក ទើប​រូប​លោក​ទៅ​រកស៊ី​ធ្វើ​ជា​ឈ្មួញកណ្ដាល​ទិញ​ភោគផល​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ចាម​​វិញ​ម្ដង ។ ចំពោះ​មុខរបរ​ថ្មី​នេះ​ក៏​មិន​ចំណេញ​ច្រើន​ដែរ ​ព្រោះភាគច្រើន​រកបាន​នៅ​ខែ​ប្រាំង បើ​ខែវស្សា​វិញ​គឺ​ចប់​តែ​ម្ដង​ព្រោះ​មាន​ភ្លៀង​ច្រើន ។ ទោះបី​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​គ្មាន​បំណង​ងាក​ទៅ​រក​វិស័យ​កីឡាប្រដាល់​វិញ​នោះ​ទេ ។

លោក​ថា ឆ្លងកាត់​ជីវិត​ជា​អ្នក​ប្រដាល់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ លោក​ពិតជា​មាន​ការ​នឿយណាយ​ខ្លាំង​ណាស់​ទើប​លែង​រ​វីរ​វល់​ដោយ​គិត​ថា ផ្ដាច់និស្ស័យ​គ្នា​ត្រឹម​ហ្នឹង​ចុះ ហើយ​ពេល​នេះ​លោក​ងាក​មក​ចាប់​យកមុខរ​បរជា​អ្នក​បើករថយន្ត​តាក់ស៊ី​វិញ​បន្ទាប់​ពី​លាឈប់​ពី​កីឡាករ​បាល់ទាត់​របស់​ក្លិប​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០០៩ ។

លោក​បញ្ជាក់​ថា ការ​ចាប់​យក​អាជីព​ធ្វើ​ជា​អ្នក​ប្រដាល់​អស់​រយៈពេល​៨​ឆ្នាំ​(១៩៩៨-​២០០៦) វា​ល្មម​ឆ្អែត​ឆ្អន់​ហើយ សូ​ម្បី​ថ្មី​ៗ​នេះ​មាន​ឧកញ៉ា​ម្នាក់​បាន​ទាក់ទង​លោក​ឱ្យទៅ​ធ្វើ​ជា​គ្រូ​ប្រដាល់​នៅ​ក្លិប​របស់​គាត់​ក៏​លោក​បដិសេធ​មិន​ទទួល​ធ្វើ​ការងារ​នេះ​ដែរ​ព្រោះ​លោក​ហាក់​អស់​ន​ស្ស័យ​ជាមួយ​កីឡាប្រដាល់​តាំងពី​ដកខ្លួន​ដោយសារ​តែ​កត្តា​មួយ​ចំនួន ។ ចំពោះ​មូល​ហេតុ​ដែល​បង្ខំ​ឱ្យ​លោក​ផ្ដាច់ខ្លួន​ភឹង​ចេញពី​អាជីព​ជា​កីឡាករ​ប្រដាល់​​ទី​១​ដោយសារ​លោក​មាន​វ័យ​ចំណាស់​បន្តិច​ទៅ​ហើយ​ចង់​ការពារ​ខ្សែក្រវាត់​ចំនួន​២​ដែល​លោក​ដណ្ដើម​បាន និង​ទី​២​ដោយសារ​ធុញទ្រាន់​នឹង​ការ​ច្រណែនឈ្នានីស​រឿង​ចាប់​គូ​ប្រដាល់​ខ្លាំង​ពេក​។

អតីត​ម្ចាស់​ខ្សែក្រវាត់​២​ប្រភេទ​ទម្ងន់​របស់​ក្រុមហ៊ុនស្រា​សាច់ដុំ​ពិសេស​(៥១​គីឡូក្រាម​) និង​ក្រុមហ៊ុនស្រា​ផែនដី​(៥៧​គីឡូក្រាម​)​ឆ្នាំ​២០០៦ លោក ឡោ សំណាង មានស្រុក​កំណើត​​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយ​ឪពុក​ម្ដាយ​របស់​លោក​នៅ​រស់រាន​មានជីវិត​នៅឡើយ​។ លោក​ជា​កូន​ទី​៣​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​៣​នាក់​ជា​កីឡាករ​ប្រដាល់​ប៉ុន្តែ​ពេល​នេះ​បាន​លាឈប់​អស់ហើយ​។​

លោក​រៀប​ការ​ប្រពន្ធ​នៅ​ក្នុង​ឆ្នាំ​២០០៧ រហូត​មក​ទល់​ពេល​នេះ​មានកូន​ប្រុស​២​នាក់ ។ ឡោ សំណាង ប្រាប់​ថា សព្វថ្ងៃ​លោក​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ ព្រោះ​មុខរបរ​ជា​អ្នក​បើក​រត់​តាក់​ស៊ី​មាន​សេរីភាព​គ្រប់​គ្រាន់ រក​ចំណូល​បាន​ល្មម​អាច​ចិញ្ចឹម​គ្រួសារ​រស់​បាន​ស្រួល ជួន​គេ​ហៅ​ដឹក​ភ្ញៀវ ជួន​គេ​ហៅ​ដឹក​អីវ៉ាន់ ពី​ភ្នំពេញ​ទៅ​បាត់ដំបង និង​ប៉ោយ​ប៉ែ​ត​។

គួរ​រំលឹក​ថា ឡោ សំណាង ជា​អតីត​អ្នក​ប្រដាល់​មានកេរ្តិ៍ឈ្មោះ​ម្នាក់​ដែល​អ្នក​ស្នេហា​វិស័យ​​ប្រដាល់​គុន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា រហ័សរហួន និង​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​មួយ​កំ​ផ្លេ​ទាំង​កណ្ដាប់ដៃ ទាត់ ធាក់ និង​កែង ដោយ​អាច​បំបាក់​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​ដូច​ជា ឡុ​ង វណ្ណ​ថន និង​នួន ភិ​រម្យ ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត មួយ​កែង​ដែល​រូប​លោក​ធ្វើ​ឱ្យជើង​ខ្លាំង​អ៊ីតា​លី Itdzik Levy ដួល​សន្លប់​នោះ​គឺ​នៅ​តែ​ដិត​ជាប់​ក្នុង​ក្រអៅបេះដូង​អ្នក​ស្រឡាញ់​កីឡាប្រដាល់​គុន​ខ្មែរ​រហូត​៕