
ថៃ៖ ស្ត្រីជាម្តាយម្នាក់បានបង្ហោះព័ត៌មានដ៏សោកសៅមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០
ដោយកូនស្រីជាទីស្រឡាញ់របស់នាងបានស្លាប់ទាំងនៅវ័យក្មេង បន្ទាប់ពីនាងត្រូវបានគ្រូពេទ្យចាក់វ៉ាក់សាំងសម្រាប់ជំងឺមហារីកមាត់ស្បូន ដោយពុំបានពិនិត្យជំងឺឲ្យបានច្បាស់លាស់។
នៅក្នុងការបង្ហោះដ៏សែនខ្លោចចិត្តបំផុត ស្ត្រីជាម្តាយរូបនោះបានរៀបរាប់ឲ្យដឹងថា កូនស្រីរបស់នាងអាយុ ១១ ឆ្នាំ បានទៅសាលារៀន ប៉ុន្តែ ស្រាប់តែកើតអាការគ្រុនក្តៅតែម្តង។
នៅពេលនោះ សាលាបានហៅគ្រូពេទ្យ ដើម្បីចាក់វ៉ាក់សាំងជំងឺមហារីកមាត់ស្បូន ប៉ុន្តែ នៅពេលដែលក្មេងស្រីត្រូវបានទទួលថ្នាំបង្ការ គ្រូពេទ្យមិនបានវាស់សីតុណ្ហភាពខ្លួននាងទេ។ ដូច្នេះ គាត់មិនដឹងថា នាងមានជំងឺគ្រុនក្តៅ ហើយបន្តចាក់ថ្នាំឲ្យនាង។
ស្ត្រីជាម្តាយបន្តថា «កូនរបស់ខ្ញុំបានលេចចេញអាការឈឺទ្រូង ក្អួតចង្អោរ ថប់ដង្ហើម និងក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្តង។ កូនរបស់ខ្ញុំមិនមានជំងឺអ្វីទេ គឺនាងមានសុខភាពល្អធម្មតា សូមជួយចែករំលែករឿងនេះឲ្យខ្ញុំផង»។
ក្រោយពីបានឮបែបនេះ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចូលរួមរំលែកទុក្ខ ចំពោះឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ និងនិយាយថា សាលាក៏គួរតែទទួលខុសត្រូវចំពោះការបាត់បង់អាយុជីវិតក្មេងស្រីខាងលើ។
សូមបញ្ជាក់ឲ្យដឹងផងដែរថា ក្រសួងសុខាភិបាលប្រទេសថៃ មានគោលនយោបាយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនទូទាំងប្រទេស សម្រាប់សិស្សថ្នាក់ទី ៥ ទាំងអស់ ដើម្បីធានាសុខភាពរបស់យុវជន៕