ភ្នំពេញ៖ លទ្ធផលចុងក្រោយដែលបញ្ចេញដោយ Miss Grand International ត្រឹមម៉ោងប្រមាណ ៧ យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា កញ្ញា ឌី លីកា បេក្ខភាពតំណាងកម្ពុជា មិនបាន ទទួលជ័យលាភីលេខ១កញ្ញាឯកសិចស៊ីបំផុត ពីក្នុងអាល់ប៊ុម TOP 5 Hottest Contestants for Preliminary នៃកម្មវិធីទេ ។ ខណៈដែលកម្ពុជាឈរត្រឹមតំណែងលេខ២ ស្របពេលដែលតំណែងលេខ១ បានទៅកានកញ្ញាឯកមកពីប្រទេសវៀតណាម។
មួយម៉ោងមុនការប្រកាសលទ្ធផលជាផ្លូវការកញ្ញា ឌី លីកា បេក្ខភាពតំណាងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ខណៈដែលបេក្ខភាពតំណាងវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ប៉ុន្តែក្រោយពីបូកសរុបលទ្ធផលចុងក្រោយ បានធ្វើឲ្យអ្នកគាំទ្រកញ្ញាឯកកម្ពុជាមានការខកចិត្តជាខ្លាំង។
អ្នកនាងចន ច័ន្ទលក្ខិណាដែលបានដុតដៃដុតជើងខ្លាំងក្នុងការជំរុញលើកទឹកចិត្ត និងជួយឲ្យមានការផុសផុលលើការបោះឆ្នោតសម្រាប់កញ្ញាឯកកម្ពុជា បានបង្ហោះលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនថា”កម្មវិធីលំដាប់ណាក៏មិនយុត្តិធម៌ដែរ”។ អ្នកនាងបានចាត់ទុកថា “កម្មវិធីប្រឡងបវរកញ្ញា បោកប្រាស់ និងថោកទាប”។ ទោះបីជាមិនបញ្ជាក់ឈ្មោះកម្មវិធីប្រឡងក្តីក៏គេអាចសន្និដ្ឋានបានថាអ្នកនាងសំដៅទៅលើកម្មវិធី Miss Grand International។
ទោះជាយ៉ាងណាកម្មវិធីប្រកួតសម្រស់ Miss Grand International 2018 បានបញ្ចប់កាលពីរាត្រីថ្ងៃទី២៥ ខែតុលានេះ វេលាម៉ោង២៣យប់ ម៉ោងក្នុងស្រុក ដោយចំណាត់ថ្នាក់លេខមួយ បានទៅលើកញ្ញាឯកមក ពីប្រទេសប៉ារ៉ាហ្គាយ លេខ២ ប្រទេសឥណ្ឌូនេស៊ី និងលេខ៣ បានទៅលើប៉េតូរីកូ ។
គួរបញ្ជាក់ផងដែរថាការប្រកួតសម្រស់ Miss Grand International 2018 នៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមហើយ ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី២៥ ខែតុលា ដោយមានបេក្ខភាព៨០រូប ពី៨០ប្រទេសមកពីជុំវិញពិភពលោក។
តំណាងកម្ពុជា កញ្ញា ឌី លីកា វ័យ២០ឆ្នាំ បានទៅចូលរួមប្រកួត Miss Grand International ដោយនាំយកឈុតតំណាងជាតិមានឈ្មោះថា “ទេពីស្រីសួគ៌បវរឦសានបុរៈ”។ ឈុតតំណាងជាតិនីមួយៗ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកពីអ្នកជំនាញ ថែមទាំងបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីយកទៅបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់លក្ខណៈអន្តរជាតិមួយនេះ ៕