
ភ្នំពេញ ៖ ជម្លោះព្រោះសង់រោងបុណ្យលើដងផ្លូវត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាជជែកសឹងរាល់ថ្ងៃ បើទោះមានច្បាប់ និងវិធានការណ៍ដែលដាក់ចេញដោយរដ្ឋក្តី ក្រោយពួកគេនៅតែឃើញមានកើតឡើង និងតែងបង្កជាបញ្ហាគួរឈឺក្បាលដល់អ្នកធ្វើដំណើរ យ៉ាងណាមិញករណីសង់រោងបុណ្យកណ្តាលផ្លូវនៅខណ្ឌទួលគោក ក៏បានបង្កើតជារឿងរកាំរកូសរវាងមន្រ្តីប៉ូលិសពាក់សក្តិលើស្មារំលេចពណ៌លឿងចាំងភ្នែក បែរឈ្លោះទាស់ទែងជាមួយអ្នកបើកឡានយ៉ាងអនាធិបតេយ្យ។
បង្ហាញនូវកាយវិការមិនសមឈ្មោះជាប៉ូលិសបម្រើរាស្រ្ត និងសម្តីបែបមនុស្សព្រៃ ម្ចាស់គណនីឈ្មោះ Vichet Kruy បានលើកឡើងដោយហួសចិត្តចំពោះទង្វើលោកប៉ូលិសជើងឆើតថា «ផ្លូវ112 សង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក ធ្វើរោងបុណ្យកណ្តាលផ្លូវ ប៉ូលិសវាយអ្នកបើកឡានដោយអគតិបំផុត»។ ក្នុងនោះម្ចាស់គណនីដដែលក៏បានរំលេចឡើងនូវពាក្យគួរចាប់អារម្មណ៍ក្រៅពីជម្លោះមិនដឹងដំណើររឿងដោយបង្វែរសំណួរចំពោះការធ្វើរោងបុណ្យលើផ្លូវដោយគ្មានអាជ្ញាធរខ្វល់ខ្វាយ និងអនុវត្តន៍ច្បាប់ទម្លាប់ថា «ឯណាចំណាត់ការសាលាក្រុងដែលថារំដោះផ្លូវនោះ»។