
ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះតាមរយៈគណនី ហ្វេសប៊ុកមួយដែលមានឈ្មោះថា Mich Vutha បានធ្វើការបង្ហោះនៅរូបមួយដែលបង្ហាញអំពី សកម្មភាពរបស់កូនកំលោះធ្វើការលាងជើង អោយកូនក្រមុំ។
ក្នុងនោះគណនីខាងលើក៏បានសរសេររៀបរាប់ ផងដែរថា ” មនុស្សស្រីគួរឲ្យអាណិតណាស់ កើតមកមិនទាន់ដឹងអ្វីផង គេចាប់ចោះត្រចៀកធំពេញវ័យបន្តិច ត្រូវមានជំងឺប្រចាំកាយរាល់ខែ មានគ្រួសារត្រូវបម្រើគេជាប្តី ផ្ទះមិនស្អាតខុសខាងស្រីត្រូវមានកូនខាងគេហើយដាក់ត្រកូលខាងគេទៀត មនុស្សប្រុសគួរណាស់តែឲ្យតម្លៃមនុស្សស្រីឲ្យបានច្រើន”។
គួរបញ្ជាក់ផងដែរថាពិធីលាងជើងនេះ គឺមានតាំងពីយូរណាស់មកហើយ ដែលចាស់ៗពីសម័យបុរាណតែងតែប្រារព្ធឡើង និងធ្វើតៗគ្នារហូតមកជាពិសេសនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ គេតែងតែប្រារព្ធពិធីលាងជើងនេះជានិច្ចមិនដែលខកខានឡើយ ប៉ុន្តែទើបប៉ុន្មានឆ្នាំចុងក្រោយនេះលែងមានហើយដោយហេតុថា មនុស្សស្រីប្រុសមានសិទ្ធិស្មើគ្នា ដូច្នេះបានគេកាត់ពិធីនេះចោល។
បើតាមការដកស្រងពីឯកសារស្រាវជ្រាវ ឬ ពីទំព័រហ្វេសប៊ុករបស់អ្នកនិពន្ធជើងចាស់ លោកស្រី កែវ ច័ន្ទបូរណ៍ បានឱ្យដឹងថា តាមតម្រាសម័យនគរគោកធ្លក ស្ត្រីជាអ្នកដឹកនាំប្រទេសខ្មែរនៅពេលមានពិធីមង្គល ខ្មែរមានប្រារព្ធពិធីបុរសលាងជើងស្ត្រី។
ក្រោយពីបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌា ដែលនាំចូលមកខ្មែរនូវលទ្ធិព្រហ្មញ្ញសាសនា ប្រទេសខ្មែរបានចាប់ផ្តើមផ្លាស់ប្តូរទំនៀមនេះ ដោយឱ្យស្រី្តជាអ្នកលាងជើងបុរសទៅវិញ។
នៅជំនាន់ដើម ពិធីលាងជើងនេះច្រើនធ្វើនៅតំបន់ស្រុកស្រែចំការជនបទ ដែលកូនកំលោះត្រូវដើរជើងទទេ កាត់ភូមិ កាត់ស្រែ ពីតំបន់ឆ្ងាយ មកផ្ទះខាងស្រី ចូលមកដល់ហើយខាងស្រីបង្ហាញសុជីវធម៌ ដោយការទទួលហុចទឹក ឱ្យខាងប្រុស លាងជើងឱ្យស្អាត មុននឹងឡើងលើផ្ទះ កុំឱ្យប្រឡាក់ផ្ទះ។
នៅក្នុងន័យប្រៀបធៀប គេច្រើនធ្វើពិធីនេះលាងជម្រុះ នូវអតីតកាលមិនល្អ របស់បុរស (បើសិនជាមានខិលខូចពីមុនមក) ថ្ងៃនេះសូមឱ្យលាងស្អាត ជ្រះមន្ទិល បង្ហាញនូវជើងស្អាតសម្រាប់ដើរក្នុងភាពសុចរិត បរិសុទ្ធ ជាមួយគូស្រករដែលបម្រុងរៀបការនឹងគ្នា។
ពិធីនេះ ក៏មានប្រារព្ធដោយឱ្យ សាមីខ្លួនខាងកូនកំលោះលាងជើងឱ្យកូនក្រមុំដែរ ដើម្បីជម្រះមន្ទិលដូចគ្នា។ អ្នកស្រីកែវ ច័ន្ទបូរណ៍ ក៏ធ្លាប់បានលើកឡើងបន្យផងដែរថា កាលនៅជំនាន់ខ្ញុំនៅក្មេងៗ អ្នកស្រុកភូមិខ្ញុំរៀបការដោយមានពិធី ឱ្យសាមីខ្លួនកូនកំលោះ និង កូនក្រមុំ លាងជើងឱ្យគ្នាទៅវិញទៅមក ដើម្បីជម្រះឧបទ្រព និងបង្កើនរាសីជូនគូស្រករ។
តាមការពិត ពិធីនេះជាពិធីប្រារព្ធដ៏វិសេសវិសាលមួយដើម្បីបង្ហាញនូវចំណងមនោសញ្ចេតនា ស្មោះស្ម័គ្ររវាងគូស្រករ គឺការផ្តិតនូវសេចក្តីស្រឡាញ់សូម្បីតែចុងជើងដែលដើរនឹងដីក៏គេនៅស្រឡាញ់គ្នាដល់កម្រិតនោះ។
នោះហើយជាការបង្ហាញថានៅក្នុងជីវិតទោះក្រ ឬមាន សប្បាយលំបាកយ៉ាងណា ប្តីប្រពន្ធអាចទទួលគ្នាបានជានិច្ច មិនប្រកែប្រកាន់ គឺមានការយោគយល់អធ្យាស្រ័យ និងផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមក គឺជាពិធីតំណាងឱ្យស្វាមី ដែលអាចបម្រើស្ត្រីពេលមានជំងឺមានកូនខ្ចីមានទទួលគ្រោះថ្នាក់ផ្សេងៗដោយគ្មានការប្រកាន់វណ្ណៈ របស់ខ្លួនថា ជាប្រុស បន្ទន់ខ្លួនធ្វើកិច្ចការដូច្នេះមិនបានឡើយ។
ចំណែកទឹកលាងជើងវិញទៀតសោត គេប្រារព្ធដោយយកទឹកដូង មកលាងជើងជាតំណាងទឹកចិត្តបរិសុទ្ធស្អាតស្អំ (ទឹកបេះដូង) ឬទឹកសួគ៌អមិត្រ ពរជ័យសាធុការ សម្រាប់លាងជម្រះនូវមន្ទិលទាំងឡាយ របស់បុរសដែលធ្លាប់មានពីអតីតកាល ឱ្យជ្រះស្អាតល្អបរិសុទ្ធ ចាប់តាំងពីថ្ងៃថ្មីនេះតទៅ លែងបង្កមន្ទិលបន្តទៅទៀតបន្ទាប់ពីរៀបការហើយ។
ប៉ុន្តែទំនៀមទំលាប់ទាំងអស់នោះត្រូវបានលុបបំបាត់ទាំងស្រុងដោយសារតែហេតុផលថា ការធ្វើបែបនេះអាចឲ្យអាប់ឱនកិត្តិយសទាំងខាងប្រុស និងខាងស្រីហើយប៉ះពាល់ដល់សិទ្ធយេនឌ័រដែលនិយាយថាមនុស្សប្រុស និងស្រីគឺមានសិទ្ធស្មើគ្នា៕