រដ្ឋអាជ្ញាក្នុងប្រទេសរុស្ស៊ីជឿថា បុរសម្នាក់បានសម្លាប់អតីតមិត្តស្រីរបស់ខ្លួនដើម្បីបង្ហាញភក្ដីស្នេហ៍ស្មោះចំពោះសង្សារថ្មី។ នេះយោងតាមសារព័ត៌មាន Mirror សរសេរកាលពីថ្ងៃចន្ទទី២២មិថុនា។

ជនសង្ស័យឈ្មោះ Aleksey Petrov វ័យ ២០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទល្បួងអតីតមិត្តស្រីឈ្មោះ Anastasia Pospelova ទៅក្នុងព្រៃ មុនពេលចាក់សម្លាប់នាង។

របាយការណ៍បង្ហាញថា Petrov និងមិត្តស្រីថ្មីរបស់គាត់ឈ្មោះ Yekaterina Karpova វ័យ ២០ឆ្នាំ បានអញ្ជើញនាង Anastasia ដើម្បីជប់លៀងទាំងអស់គ្នានៅថ្ងៃទី១៤ មិថុនា។

ការសម្លាប់បានកើតឡើងនៅជិតភូមិ Suzun នៃតំបន់ Novosibirsk។ បន្ទាប់ពីនាង Anastasia យល់ព្រម អ្នកទាំងពីរបាននាំនាងចូលទៅក្នុងព្រៃ ជាកន្លែងពួកគេអាំងសាច់ និងផឹកគ្រឿងស្រវឹង។

Petrov បន្ទាប់មកក៏បានទាញកាំបិតពីក្នុងហោបៅចាក់នាង Anastasia នៅនឹងកជាច្រើនកាំបិត។ ជនរងគ្រោះដ៏សែនតក់ស្លុតនោះអាចវាយបកអតីតមិត្តប្រុសវិញបាន និងរត់ទាំងហូរឈាម។ នាងបានតេហៅមិត្តភក្តិរបស់នាងផ្សេងទៀតដើម្បីសុំជំនួយ បន្ទាប់ពីព្យាយាមលាក់ខ្លួន តែត្រូវបានជនសង្ស័យរកឃើញម្ដងទៀត និងវាយទក់សាច់។ ប៉ុន្ដែលើកនេះ Petrov បានចាក់នាងចំកណ្ដាលដើមទ្រូង មុនពេលអារ ក នាងសម្លាប់ចោលតែម្តង។

Petrov បានលាក់សាកសពរបស់នាងក្នុងព្រៃ បន្ទាប់មកក៏ត្រឡប់ទៅភូមិវិញ និងថែមទាំងរាយការណ៍ពីករណីបាត់ខ្លួននាង Anastasia ទៀតផង។ មិនយូរប៉ុន្មានប៉ូលិសក៏បានរកឃើញសាកសព ដែលមានស្លាកស្នាមវាយប្រហារពេញរាងកាយនាង។

អំឡុងពេលសួរចម្លើយ Petrov និង Karpova ក៏បានសារភាពបទល្មើសចំពោះមុខប៉ូលិសតែម្ដង។ ហើយយោងតាមការស៊ើបអង្កេត នាង Karpova មានកូនម្នាក់អាយុ ២ឆ្នាំ បានប្រច័ណ្ឌនឹង Petrov និង Anastasia។ ហើយ Petrov ត្រូវបាននាង Karpova សុំឱ្យសម្លាប់ Anastasia ដើម្បីបង្ហាញស្នេហ៍ស្មោះរបស់គាត់ និងដើម្បីកុំឱ្យឈ្លោះគ្នាតទៅទៀត។

អ្នកទាំងនឹងត្រូវប្រឈមមុខជាប់គុកម្នាក់ ១៥ឆ្នាំ ខណៈដែលពួកគេកំពុងស្ថិតក្រោមការឃុំឃាំងដើម្បីរង់ចាំការកាត់ទោស៕ ប្រភព៖ Mirror