
វៀតណាម៖ សេដ្ឋីវៀតណាម ឈ្មោះ Phux XO ត្រូវបានតុលាការក្រុងហូជីមិញ កាត់ទោសឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ ពីបទល្មើសបិទបាំងសកម្មភាពជក់ថ្នាំញៀន នៅក្នុងក្លិបកម្សាន្តខារ៉ាអូខេ នាក្រុងហូជីមិញ កាលពីខែមេសាកន្លងទៅ។ ចំណែក បក្ខពួក ១២នាក់ផ្សេងទៀត ត្រូវជាប់ពន្ធនាគារពី ៧-៨ ឆ្នាំ។
សេដ្ឋីវៀតណាម ឈ្មោះ Phux XO ត្រូវបានពិន័យជាប្រាក់ ៥០លានដុង (២១៥០ដុល្លារអាមេរិក) និងត្រូវប្រគល់ប្រាក់ ៦០០លានដុង (២៥៨៨០ដុល្លារអាមេរិក) ដែលខ្លួនបានពីសកម្មភាពខុសច្បាប់ ដែលបើកឱ្យមានការជក់ថ្នាំញៀនក្នុងក្លិបកម្សាន្តខារ៉ាអូខេរបស់ខ្លួន ឈ្មោះថា XO Pharaon karaoke bar ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនៅផ្ទះរបស់ឈ្មោះ Phuc XO សមត្ថកិច្ចបានរកឃើញថ្នាំញៀន ដាវ បំពង់ប្លាស្ទិក ទូរសព្ទដៃ ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងនិងគ្រាប់កាំភ្លើង ព្រមទាំងអាវការពារគ្រាប់កាំភ្លើង។
សូមជម្រាបថា សេដ្ឋី Phuc XO បានល្បីល្បាញ ក្រោយពីបានបង្ហោះវីដេអូ និងរូបថត នៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលខ្លួនបានពាក់មាសស្រោចខ្លួន និងសម្ញែងម៉ូតូដែលស្រោបសុទ្ធតែមាស។ យ៉ាងណាមិញ Phuc បានសារភាពថា មាសទាំងនោះ ជាមាសក្លែងក្លាយតែប៉ុណ្ណោះ៕ ប្រភព៖ clicknews