ខេត្តបាត់ដំបង៖ កម្មករអូសរទះដឹកទំនិញ និងពលរដ្ឋនាំបន្លែផ្លែឈើយកលក់នៅខេត្តបាត់ដំបង សំណូមពរសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបងកុំយកលុយពួកគាត់ច្រើនពេក ប៉ុន្តែប្រធានគណៈកម្មការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិមួយនេះបំភ្លឺឆ្លើយតបវិញថា សមត្ថកិច្ចគ្រាន់យកថ្លៃបាយទឹកប៉ុណ្ណោះ ដោយសារពួកគាត់ដឹកទំនិញនាំពីប្រទេសថៃមិនបង់ពន្ធ ។
បើតាមការរៀបរាប់ឲ្យដឹងពីកម្មករអូសរទះ និងពលរដ្ឋរកស៊ីនាំបន្លែផ្លែឈើពីប្រទេសថៃឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ កាលពីកន្លងទៅថ្មីនេះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សព្វថ្ងៃពួកគាត់ប្រកបមុខរបរមានការលំបាកដោយសារការដឹកទំនិញបន្លែផ្លែឈើយកមកលក់នៅក្នុងទឹកដីខ្មែរត្រូវបានបង់ប្រាក់ចំណាយឲ្យសមត្ថកិច្ចចម្រុះ ឈរជើងនៅច្រកទ្វារព្រំដែអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងមួយរទេះបង់អស់ពីចន្លោះ១ម៉ឺន៥ពាន់រៀលទៅ២ម៉ឺនរៀល និងការបង់ប្រាក់តាមផ្លូវមួយចំនួនទៀត នាំឲ្យការប្រកបមុខរបររបស់ពួកគាត់ជួបឧបសគ្គ ដោយចំណាយកម្លាំងពលកម្មហត់នឿយ ទទួលបានប្រាក់កម្រៃតិចតួចសម្រាប់ការចិញ្ចឹមជីវិតផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ។

ពួកគាត់សំណូមពរសមត្ថកិច្ចច្រកទ្វារអន្តរជាតិគីឡូ១៣ មេត្តាយោគយល់ដោយយកប្រាក់ពីពួកគាត់តាមលទ្ធភាព ដែលពួកគាត់អាចបង់ទៅឲ្យបាន ។ សូមកុំដាក់គំនាបកំណត់ត្រូវតែបង់ប្រាក់ប៉ុននេះ ប៉ុណ្ណោះ បើមិនបង់តាមការទាមទារនោះទេ គំរាមចាប់បន្លែផ្លែឈើ ឬទំនិញជាដើមនោះ។
ជុំវិញបញ្ហានេះប្រធានគណៈកម្មការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង លោក ឃឹម ទិព្វមុន្នី និងលោកវរសេនីយ៍ឯក ងិន លីណាហ្សាណូ នាយប៉ុស្ថិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារគីឡូ១៣ បំភ្លឺអ្នកសារព័ត៌មានឲ្យដឹងកាលពីកន្លងទៅថ្មីៗនេះថា ការយកប្រាក់បន្តិចបន្តួចនោះ គឺគ្រាន់សម្រាប់បាយទឹករបស់សមត្ថកិច្ចប៉ុណ្ណោះនោះទេ ដោយសារពួកគាត់ហត់នឿយធ្វើការងារទាំងយប់ ទាំងថ្ងៃ នៅមាត់ច្រកទ្វារព្រំដែន ។

លោកប្រធានគណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ប្រាប់ទៀតថា ការយកប្រាក់បន្តិចបន្តួចនោះ ដោយឃើញថា កម្មករអូសរទះពួកគាត់ស៊ីឈ្នួលម៉ៅការអូសដឹកទំនិញឲ្យឈ្នួញ ដោយមិនបង់ពន្ធ ។ ទំនិញ និងបន្លែផ្លែឈើរាប់សិបតោនត្រូវបានឈ្មួញជួលកម្មករអូសរទះដឹកជញ្ជូនដូចកណ្តៀរប្រមូលផ្តុំរួចហើយ ដឹកចេញយកទៅបោះលក់នៅលើទីផ្សារ ។ លោកបញ្ជាក់ទៀតថា ជាគោលការណ៍ បើប្រជាពលរដ្ឋទិញទំនិញ និងបន្លែផ្លែឈើប្រើប្រាស់លក្ខណៈគ្រួសារ សមត្ថកិច្ចមិនប៉ះពាល់នោះទេ ។
សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូនខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ឈម និងច្រកទ្វារព្រំដែនអន្តរជាតិខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងថៃ ទើបតែបានឯកភាពគ្នាប្រកាសពីច្រកទ្វារព្រំដែនតំបន់ទ្វេភាគី មកជាច្រកទ្វារអន្តរជាតិ នៅក្នុងអំឡុងដើមឆ្នាំ២០១៨ ក្នុងគោល បំណងដើម្បីប្រែក្លាយច្រកទ្វារព្រំដែនមួយនេះ ជាច្រកទ្វារនៃកិច្ចសហប្រតិបត្តិការ បំរើ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនប្រកបមុរបរ រវាងប្រជាជន នៃប្រទេសទាំង២ ឲ្យមានកាន់តែមានភាពល្អប្រសើរឡើង ៕

ការស្ទង់មតិមតិយោបល់ភ្ញៀវ Coza

ប្រភព៖ នគរវត្ត

  

Also Visit: www.zoomproperty.com