ភ្នំពេញ៖ ភាពយន្តខ្នាតធំបែបភ័យរន្ធត់រឿង កូនក្រក ជាស្នាដៃថ្មីរបស់អ្នកដឹកនាំរឿង និងជាតារាកំប្លែងនាយ ពាក់មី ត្រូវ Facebook និង Youtube បិទ( Block) មិនឲ្យផ្សាយដែលទំនងជាស្នាដៃនេះមានភាពរន្ធត់ឃោរឃៅខ្លាំងពេកអាចប៉ះពាល់ដល់អ្នកទស្សនា ឬអ្នកលេងបណ្តាញសង្គមដ៏ពេញនិយមទាំងនេះ។

ក្រោយសម្ងំផលិតភាពយន្តថ្មីអស់ជាច្រើនខែ ស្រាប់តែស្នាដៃដឹកនាំសម្តែងរឿងថ្មីរបស់តារាកំប្លែងនាយពែកមីគឺរឿង កូនក្រក ចាប់ផ្តើមចេញផ្ទាំងផ្សព្វផ្សាយ ប៉ុន្តែឈុតឆាកខ្លី(Trailer)របស់ភាពយន្តនេះត្រូវបានបិទមិនឲ្យផ្សព្វផ្សាយ។ លោក លៀក លីណា អ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្ម LD Picture បានលើកឡើងថា ស្នាដៃថ្មីរបស់នាយ ពាក់ មី គឺបានសម្រិតសម្រាំងគុណភាពខ្លាំងជាមុន ហើយស្នាដៃនេះគឺបង្ហាញពីឈុតឆាក និងភាពភ័យរន្ធត់ខ្លាំង។ លោកទទួលស្គាល់ថាឈុតភ័យរន្ធត់ខ្លាំងនេះបានធ្វើឲ្យបណ្តាញសង្គមហ្វេសប៊ុក(Facebook) និង Youtube មិនអនុញ្ញាតឱ្យផ្សព្វផ្សាយ។


ផលិតករល្បីឈ្មោះរូបនេះបន្តថាបើទោះជាបណ្ដាញសង្គម Facebook និង Youtube មិនអនុញ្ញាតិឱ្យផ្សព្វផ្សាយក្ដី ក៏ប៉ុន្តែលោកនៅតែមានការរំពឹងខ្ពស់ថាភាពយន្តរឿរ កូនក្រក នឹងក្លាយជាចំណីអារម្មណ៍ប្លែកសម្រាប់អ្នកទស្សនា។ ជាពិសេសទស្សនិកជនចូលចិត្តទស្សនារឿងបែបភ័យរន្ធត់ ។ ទន្ទឹមនឹងការរំពឹងលោក លៀក លីដា ក៏សំណូមពរទស្សនិកជនចូលទស្សនាស្នាដៃថ្មីរបស់នាយ ពាក់មី ឱ្យបានច្រើនកុះករ ដែលជាការជួយលើកកម្ពស់វិស័យភាពយន្តខ្មែរកំពុងធ្លាក់ចុះ។ ក្នុងនោះផលិតកម្ម LD Picture តែងតែរកវិធីថ្មី និងប្លែកជាពិសេសគុណភាពរឿងតែម្ដងដើម្បីឆ្លើយតបតាមការចង់បានពីទស្សនិកជន។
គួរបញ្ជាក់ដែរថា ស្នាដៃថ្មីរបស់តារាកំប្លែង និងជាអ្នកដឹកនាំរឿង គឺរឿង កូនក្រក នឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ៩ ខែវិច្ឆកា ឆ្នាំ២០១៨ ខាងមុខនៅគ្រប់រោងភាពយន្តទំនើបទាំងអស់៕