ភ្នំពេញ ៖​ មន្ត្រីនគរបាលម្នាក់ស្លៀកពាក់ស៊ីវិលម្នាក់ ជិះម៉ូតូបុកគេហើយដក​កាំភ្លើង​វាយអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលបែកក្បាលហូរឈាមស្រោចពេញមុខ ហើយព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ​ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវតិចតួច​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​វេលាម៉ោង​៩និង៤០នាទីយប់ ថ្ងៃទី២៣ ខែ​តុលា ​ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ត្រង់​ចំណុច​ស្ពាន​អាកាស​៧មករា ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនបង្កម្នាក់ ដែលគេស្គាល់ថា ជានគរបាលប្រធានផ្នែកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ(ក៦) បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda PCX​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FY-7117 ពណ៌​ខ្មៅ​​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីជើងទៅត្បូងជា​មួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ា ក​Honda dream សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-3685 ​ជាមួយជនរងគ្រោះ លុះ​មក​ដល់​ចំណុច​​កើតហេតុខាងលើម៉ូតូជនបង្ក​PCX ខាង​លើ​បាន​គៀរ​ម៉ូតូ​ជនរងគ្រោះបណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​បែកកាបាំងមួយចំហៀង បន្ទាប់មកជនបង្កមិនបានឈប់ដោះស្រាយគ្នានោះទេ ដោយបានបន្ថែម​ល្បឿនបើករត់ទៅមុខ ​ចំណែក​ជន​រង​គ្រោះ​វិញ ​បាន​លើក​ម៉ូតូជិះ​ដេញ​តាម​រហូត​មក​ដល់​ការ៉ាស់​សាំង​តេលា​ក្បែរ​មន្ទីរពេទ្យ​អរុណរះ​តាមបណ្ដោយផ្លូវ២៧១ ជន​រង​គ្រោះ​បាន​តាម​ទាន់​ហើយបានប្រទូស្តរាយ នឹងគ្នា ពេលនោះ ជនបង្កបានដកកាំភ្លើង​​ខ្លី​មក​វាយ​លើជន​រង​គ្រោះ​​បណ្ដាល​ឲ្យ​បែកក្បាលហូរ​ឈាម​ពេញ​មុខ​។


ក្រោយពីបង្កហិង្សារួច ជនបង្កបានឲ្យលុយទៅជនរងគ្រោះចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង រួចបានបន្តដំណើរទៅចូលផ្ទះមួយកន្លែងនៅចំណុចបូរីសឡាតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ស្រាប់តែផ្អើលដល់កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយផ្ទាល់ពីលោក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខចុះមកអន្តរាគមន៍ដល់ផ្ទះនិងឃាត់ខ្លួនជនបង្កនិងដកហូតបានអាវុធខ្លីមួយដើមភ្លាមៗផងដែរ។
ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាននាំខ្លួនជនបង្ក និងជនរងគ្រោះមកអធិការ​ដ្ឋាននរបាលខណ្ឌសែនសុខដើម្បីសាកសួរចាត់ការបន្តទៀត ៕