(តាកែវ)៖ នៅក្នុងការធ្វើតេស្តបឋមទៅលើបន្លែ និងផ្លែឈើជាច្រើនមុខ ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិន ខេត្តតាកែវ មន្រ្តីជំនាញកាំកុងត្រូល បានអះអាងថា រកមិនឃើញមានសារធាតុគីមីលើបន្លែ ផ្លែឈើទាំងអស់នោះទេ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងថា មន្រ្តីជំនាញកាំកុងត្រូលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានសហការជាមួយស្ថាប័នពាក់ព័ន្ធប្រចាំការនៅច្រកទ្វារ បានធ្វើការត្រួតពិនិត្យទំនិញ នាំចូលពីប្រទេសវៀតណាម រួមមាន៖ ស្លឹកកាឆាយ ខាត់ណា ស្ពៃក្ដោប ផ្លៃឈើ និងប្រេងឆា ដោយបានធ្វើតេសបឋមរកសារធាតុគីមី ក៏ប៉ុន្តែជាលទ្ធផល មន្រ្តីជំនាញរកមិនឃើញ មានសារធាតុគីមីលើបន្លែផ្លែឈើទាំងនោះទេ។

លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបន្តថា ក្នុងមួយថ្ងៃៗ មានបន្លែ និងផ្លែឈើប្រមាណ៨ទៅ១២តោន បាននាំពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមច្រកទ្វាអន្តរជាតិភ្នំដិន ហើយកន្លងមកមន្រ្តីជំនាញកាំកុងត្រូល បានធ្វើតេសត្តរកឃើញសារធាតុគីមីថ្នាំបាញ់សំលាប់សត្វល្អិតនៅលើ ស្លឹកខ្ទឹម ស្លឹកកាឆាយ ម្ទេស និងស្ពៃក្ដោប ហើយមន្រ្តីជំនាញ ក៏បានធ្វើការហាមឃាត់មិនឲ្យនាំចូលបន្លែទាំងអស់នោះតទៅទៀតដែរ។

ក៏ប៉ុន្តែបច្ចុប្បន្ននេះ បន្លែខាងលើត្រូវបានអនុញ្ញាតឲ្យចូលជាធម្មតាវិញ បន្ទាប់ពីមន្រ្តីជំនាញបានយកបន្លែខាងលើផ្ញើទៅអគ្គនាយកដ្ឋានកុងត្រូល ដើម្បីពិនិត្យរកសារធាតុគីមី ក៏ប៉ុន្តែបន្លែទាំងអស់នេះ មិនមានផ្ទុកសាធាតុគីមីនោះទេ។

បើតាមលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ប៉ោ លាងគង់ បើទោះបីជាមន្រ្តីជំនាញពិនិត្យរកមិនឃើញមានសាធាតុកគីមីនោះ លើបន្លែផ្លែឈើនាំចូលពីប្រទេសវៀតណាមយ៉ាងណាក៏ដោយ ក៏មន្រ្តីជំនាញកាំកុងត្រូលនៅច្រកទ្វាអន្តរជាតិភ្នំដិន ដែលនៅប្រចាំការនឹងអនុវត្តជាប់ជាប្រចាំក្នុងការត្រួតពិនិត្យបន្លែផ្លែឈើទាំងអស់ដែលនាំចូល ដើម្បីធានាធ្វើយ៉ាងណា ឲ្យបន្លែផ្លែឈើនាំចូលមកផ្គត់ផ្គង់លើទីផ្សារប្រទេសកម្ពុជា មានសារធាតុគីមីដែលប៉ះពាល់ដល់អ្នកប្រើប្រាស់៕

ប្រភព៖ Freshnews