ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ បាន​រត់គេច​ចូល​មក​ការដ្ឋាន​សំណង់​មួយ​កន្លែង ​រួច​អះអាង​ប្រាប់​ថា មាន​គេ​ដឹក​​ទៅ​ដេក​ផ្ទះសំណាក់ តែ​ត្រូវ​នាង​រត់​ចុះ​ពីលើ​ម៉ូតូ​ស្រែក​ឆោឡោ​ឲ្យ​គេឯង​ជួយ។

យ៉ាង​ណា​មិញ ក្នុង​ហេតុការណ៍​នោះ លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោមចៅ៣​បាន​អះអាង​ថា​នាង​ជា​មនុស្ស​មាន​សតិ​មិនល្អ​ទៅវិញ។

តែ​ទោះជា​យ៉ាងណា ​ករណី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២០ ត្រង់ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​ភូមិ​ព្រៃទា២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

សេចក្ដីរាយការណ៍​បន្ត​ថា​ នារី​រូប​ស្រស់​វ័យក្មេង​ខាងលើនេះ​​អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង។​
តាម​ប្រភព​ពី​នារី​រូបនេះ​បាន​ឲ្យ​ដឹងថា នាង​បាន​ស្គាល់​នារី​ម្នាក់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ រយៈ​ពេល​២​ខែ​មក​ហើយ ដោយ​ឆាត​ឲ្យ​រូបនាង​មក​ស្នាក់នៅ​ជាមួយ​នៅ​កន្លែង​កើតហេតុ​ ដើម្បី​ជួយ​រក​ការងារ​ឲ្យ​ធ្វើ។ ខណៈពេល​រូបនាង​មកដល់​បាន​ពីរ​ថ្ងៃ ស្ត្រី​ដែល​នាង​ស្គាល់​នោះ​បាន​បបួល​នាង​ទៅ​ផឹកស៊ី​ក្នុង​បន្ទប់​ជួល​របស់​បុរស​ម្នាក់ ដែល​នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​។​

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ទៅដល់​បន្ទប់​ជួល បុរស​រូប​នោះ​ក៏បាន​ទិញ​ស្រា​បៀរ​មក​ផឹក​ស៊ី​ជុំគ្នា​៣​នាក់ រហូតដល់​ស្រវឹង​ជោកជាំ​រៀងៗ​ខ្លួន ហើយ​ស្ត្រី​នោះ​ក៏បាន​គេចខ្លួនបាត់ ដោយ​បន្សល់​នៅ​តែ​រូបនាង​ជាមួយនឹង​បុរស​ជា​ម្ចាស់​បន្ទប់ តែ​ពីរ​នាក់​តទល់​។​

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ បុរស​រូប​នោះបាន​ដឹក​នាង​តាម​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក លុះ​មក​ដល់​កន្លែងកើតហេតុ​ ដោយ​សួរ​នាង​ថា «​ទៅ​ដេក​នៅផ្ទះ​សំណាក់​យក​ថ្លៃ​ប៉ុន្មាន​?»។ ពេល​នាង​ឮ​បែប​នេះ នាង​បាន​ឲ្យ​បុរស​នោះ​ឈប់​ម៉ូតូ បើ​មិន​ឈប់​​ទេ នាង​នឹង​លោត​ពីលើ​ម៉ូតូ​ភ្លាម​។​

​ភ្លាមៗ​នោះ​ បុរស​នោះបាន​ឈប់​ម៉ូតូ​តាម​ការ​សំណូមពរ​របស់​នារី​រង​គ្រោះ។ បន្ទាប់ពី​ឈប់​ម៉ូតូ ​នារី​រង​គ្រោះ​បាន​កាច់​សោ​ពន្លត់ ​ដក​សោ​ម៉ូតូ រួច​រត់​ចូលក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុងស្ថានភាព​ស្រវឹង​វង្វេងស្មារតី ហើយ​ស្រែក​ឲ្យ​គេឯង​ជួយ

ទើប​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ចោមរោម​មើល និង​សួរនាំ​។ ក្នុងនោះ ក៏បាន​រាយការណ៍​ទៅប្រាប់​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ចោមចៅ​៣ ឲ្យ​ចុះមក​កន្លែងកើតហេតុ ដើម្បី​​យក​ទៅ​សួរនាំ​ផងដែរ​។​

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​ ថេ​ង កុសល មេ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​៣ បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​តាម​ទូរសព្ទ​ កាលពី​ព្រឹក​ថ្ងៃទី៧​មិថុនា​នេះ​ថា ករណី​នេះ​ បាន​កើត​ឡើង​បែបនេះ​មែន​ ប៉ុន្តែ​ក្រោយពេល​លោក​ចុះ​ទៅដល់​កន្លែងកើតហេតុ​ផ្ទាល់

​បន្ទាប់ពី​សួរនាំ​ទើប​ដឹងថា ​នារី​ម្នាក់​នេះ​ជា​មនុស្ស​មាន​សតិ​មិនល្អ ហើយ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​បែបនេះ​រួច​ម្ដងមកហើយ​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​។​ លោក​បន្ត​ថា​ ពេលនេះ​ក៏​គ្មាន​រឿង​ប្ដឹងផ្ដល់​គ្នា​អី​វែងឆ្ងាយ​នោះ​ដែរ ពោល​គឺ​រឿង​នេះ​ ត្រូវ​បញ្ចប់​ពេល​នោះ​ភ្លាមៗ​តែម្ដង​៕