
ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីយកលុយដុល្លារក្លែងក្លាយ បន្លំដូរយកលុយដុល្លារ នៅចំណុចផ្ទះជួលមួយកន្លែង។
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១និង២៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីយកលុយដុល្លារក្លែងក្លាយបន្លំដូរយកលុយដុល្លារ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវ១៩១០ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនសង្ស័យទាំង០៤នាក់ ដែលត្រូវនគរបាលឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ ទុយ ស្រី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
២-ឈ្មោះ សា ស្រីយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
៣-ឈ្មោះ ញ៉េប ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
៤-ឈ្មោះ ញ៉េប វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ចំណែក ជនរងគ្រោះមាន ឈ្មោះ សន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៣៤០ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះ ជនសង្ស័យ បានធ្វើសកម្មភាពបន្លំលួចយកលុយរបស់ជនរងគ្រោះ ឈ្មោះ សន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ។ ចំពោះសម្ភារៈដែលបាត់បង់ លុយដុល្លារចំនួន ១ ៥០០ ដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕