
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៩និង១៥នាទី ជនរងគ្រោះទាំង០២នាក់ ត្រូវជាបងប្អូនបង្កើតនឹង គ្នា បាននាំគ្នាទៅងូតទឹកក្នុងបន្ទប់ទឹកផ្សេងគ្នា
ដែលមានទីតាំងនៅជាប់នឹងរបងដីឡូតិ៍ផ្ទះរបស់ ឈ្មោះ លី គឹមហុង ភេទប្រុស អាយុ ៥៧ឆ្នាំ ហើយបន្ទប់ទឹកនោះនៅក្នុងដីឡូតិ៍ផ្ទះរបស់ជនរងគ្រោះទាំង០២នាក់ខាងលើ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពេលជនរងគ្រោះទាំង០២នាក់ ដោះសម្លៀកបំពាក់ងូតទឹក ស្រាប់តែជនសង្ស័យ ឈ្មោះ ឃុន ខេន ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររបស់ ឈ្មោះ លី គឹមហុង ដែលកំពុងតែផឹកស៊ីជាមួយកម្មករដទៃទៀតនៅក្នុងដីឡូតិ៍របស់ ឈ្មោះ លី គឹមហុង
បានយកទូរស័ព្ទដៃម៉ាក Oppo ពណ៌ខ្មៅ មានលេខ ០៧៧ ៩៣ ៧២ ៣២ ធ្វើសកម្មភាពលួចថតវីដេអូ តាមប្រឡោះឥដ្ឋខ្យល់បន្ទប់ទឹក ថតសកម្មភាពរបស់ជនរងគ្រោះទាំង០២នាក់ ដែលកំពុងតែងូតទឹកនោះ ហេីយចាប់តាំងពីម៉ោង១៩និង១៨នាទី ដល់ម៉ោង១៩និង៣៧ នាទី ថ្ងៃខែឆ្នាំដដែល។
ប៉ុន្តែនៅពេលជនសង្ស័យកំពុងតែថតជនរងគ្រោះ ក៏ត្រូវបានជនរងគ្រោះ ឈ្មោះ ម៉ាក ម៉ាលីស ឃើញ ហើយបានលូកដៃចាប់ទាញយកទូរស័ព្ទពីជនសង្ស័យតែចាប់មិនបាន ដោយសារដៃមានសាប៊ូរអិល រួចជនសង្ស័យក៏បានដកទូរស័ព្ទចេញ
ហើយគេចខ្លួនមកកន្លែងផឹកស៊ីវិញ រួចជនរងគ្រោះក៏ស្រែកឆោឡោ ផ្អើលអ្នក ជិតខាង ហើយបានមកសួរនាំក្រុមកម្មករដែលកំពុងផឹកស៊ីនៅក្នុងដីឡូតិ៍ខាងលើ តែពួកគេបានឆ្លើយបដិសេធន៍ថាមិនមានអ្នកណាដើរចេញពីវង់ផឹកស៊ីទេ។
ហើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ទើបជនរងគ្រោះទាំង០២នាក់ បានមករាយការណ៍និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។
លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុន ខេន រួមនិងវត្ថុតាង ទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកប៊ិចចាស់ ចំនួន០១គ្រឿង និងវីដេអូថតរូបជនរងគ្រោះកំពុងងូតទឹកមួយចំនួន ត្រង់ចំណុចក្បែរសាលាសង្កាត់ដង្កោ ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕