ប៉ូលិសនិយាយថា បុរសម្នាក់បានសារភាពថា គាត់បានសម្លាប់កូនប្រុសបង្កើតខ្លួនឯង និងកប់សាកសពក្នុងព្រៃ។ នេះយោងតាមកាសែត Bangkok Post សរសេរកាលពីថ្ងៃចន្ទទី២៥ឧសភា។

ប៉ូលិសកំណត់អត្តសញ្ញាណជនល្មើសឈ្មោះថា Aroon Plodkaenthong វ័យ ៤១ឆ្នាំ។

កាលពីថ្ងៃទី២២ សាកសពមិនស្គាល់អត្តសញ្ញាណច្រកបាវនោះ ត្រូវបានរកឃើញកប់នៅក្នុងព្រៃក្នុងស្រុក Na Mom។ ក្រោយមកសាកសពត្រូវបានគេកំណត់អត្តសញ្ញាណឈ្មោះថា Chanchai Plodkaenthong វ័យ ២១ឆ្នាំជាកូនប្រុសបង្កើតរបស់ជនដៃដល់។

ប៉ូលិសនិយាយថា លោក Aroon និងម្ដាយរបស់ Chanchai បានលែងលះប្រហែល ២០ ឆ្នាំមកហើយ។ បន្ទាប់ពីលែងលះ Aroon បានយកកូនប្រុសទៅនៅជាមួយក្នុងស្រុក Pa Bon ខេត្ត Phatthalung កន្លែងដែលគាត់រៀបការជាមួយនឹងស្ដ្រីផ្សេងទៀត។

ក្រោយមកពួកគេបានបន្តរស់ជាមួយគ្នាក្នុងផ្ទះតែមួយ។ Chanchai បន្ទាប់មកបានរៀបការជាមួយនឹងនារីម្នាក់ឈ្មោះ Kung និងមានកូនម្នាក់។ អ្នកទាំង ៦ រស់នៅក្នុងផ្ទះតែមួយ។

Kung បានប្រាប់ប៉ូលិសថា នាងបានរួមរ័ក្សជាមួយនឹង Aroon ជាឪពុកក្មេក។ នៅថ្ងៃទី៣០ មេសា អ្នកទាំងពីរបានបបួលគ្នាចេញក្រៅ ប៉ុន្ដែ Aroon មកផ្ទះវិញម្នាក់ឯង និងមិននិយាយថាតើកូនរបស់គាត់ទៅទីណានោះទេ។

សាកសពរបស់ Chanchai ត្រូវបានរកឃើញកាលពីថ្ងៃទី ២២ ឧសភា ហើយនាងសង្ស័យថា ឪពុកក្មេកបានសម្លាប់កូនបង្កើតខ្លួន បន្ទាប់ពីឈ្លោះគ្នារឿងរួមរ័ក្សជាមួយនឹងឪពុកក្មេក។

ព័ត៌មានរបស់ Kung បាននាំឱ្យប៉ូលិសចាប់ខ្លួនបុរសជាឪពុកនោះកាលពីថ្ងៃសៅរ៍ ទី២៣ ឧសភា ហើយគាត់ក៏បានសារភាពថាបានសម្លាប់កូនបង្កើតមែន ប៉ុន្ដែនិយាយថាវាដោយសារតែ Chanchai ញៀនថ្នាំ និងចង់សម្លាប់គាត់ប៉ុន្មានដងមកហើយ។ ប៉ុន្ដែគាត់អត់បាននិយាយអំពីការរួមរ័ក្សជាមួយនឹងប្រពន្ធរបស់កូនបង្កើតខ្លួននោះទេ។

ដំបូងគាត់ត្រូវបានចោទប្រកាន់អំពីបទមនុស្សឃាត។ ឥឡូវការស៊ើបអង្កេតកំពុងបន្ត៕ ប្រភព៖ Bangkok Post