
បរទេស ៖ សែរាជរង្សរបស់សម្តេច អារ៉ាប៊ីសាអូឌីត ចំនួន១៥០អង្គ បានឆ្លងជំងឺ COVID-19 ធ្វើឲ្យមានការភ័យខ្លាចជាខ្លាំង ក្នុងជួរថ្នាក់ដឹកនាំរបស់ប្រទេសស្តេចប្រេងនេះ។
សារព័ត៌មានញូយ៉កប៉ុស្តិ៍របស់សហរដ្ឋអាមេរិក និង BBC ជាភាសាអារ៉ាប់ ដែលបានចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ព្រះអង្គម្ចាស់ មូហាំម៉ាត់ ពិន សាល់ម៉ាន (Mohammad bin Salman)
ជារាជទាយាទដែលត្រូវបានគេចាត់ទុកថា ជាអ្នកកាន់អំណាចពិតប្រាកដនៅពីក្រោយព្រះរាជបល្ល័ង្ក ព្រមទាំងរដ្ឋមន្ត្រីរបស់ព្រះអង្គមួយចំនួន បានយាងទៅគង់ប្រថាប់នៅដាច់ដោយឡែកពីគេ ខណៈព្រះមហាក្សត្រព្រះចៅ សាល់ម៉ាន វិញ ក៏បានគង់ប្រថាប់នៅដាច់ដោយឡែកនៅក្នុងព្រះរាជវាំង នៅឯទីក្រុងចេតដាហ៍ (Jeddah) ដើម្បីកុំឲ្យឆ្លងជំងឺ COVID-19។
សារព័ត៌មានខាងលើបន្តថា ព្រះអង្គម្ចាស់ ហ្វៃសាល ពិន ប៉ាន់ទើរ (Faisal bin Bandar) ដែលជាអភិបាលក្រុងរីយ៉ាត មានព្រះជន្ម៧០ព្រះវស្សា បានឆ្លងជំងឺកូវីដនេះ កំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
សូមបញ្ជក់ថា គិតមកដល់ពេលនេះ ប្រទេសអារ៉ាប៊ីសាអូឌីត បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣ ២៨៧នាក់ , ស្លាប់ចំនួន៤៤នាក់ និងជាសះស្បើយចំនួន៦៦៦នាក់៕