ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ថា៖ « ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វី ឱយល្អជាងការ ចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់ គ្រប់គ្រងប្រទេស ក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះ ត្រូវយកមកអនុវត្តនាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូនជនរួមជាតិក្នុងគ្រាដ៍លំបាកនេះ។

ប្រជាពលរដ្ឋភាគច្រើនលើសលប់បានយល់ដឹងពីគ្រោះថ្នាក់នៃការរីករាលដាលជំងឺកូវីត១៩ និងយល់ដឹងពីហេតុផលដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេសនេះ ដោយពួកគាត់បានលើកឡើងថា៖មួយជីវិត!ខានទៅបុណ្យចូលឆ្នាំនៅស្រុកម្ដង កុំតូចចិត្ត តែបើស្លាប់ដោយកូវីត១៩ ខានបានបុណ្យចូលឆ្នាំរហូតហើយ! ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីសាលារាជធានីភ្នំពេញមួយចំនួន នៅវេលាម៉ោងប្រមាណជិត១០យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យមើលភូមិសាស្ត្រ តាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលចេញបំរាម ហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ និងពីខេត្តចេញ-ចូលរាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង២៤៖០០នាទីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

បទបញ្ជារបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាការហាមឃាត់នេះត្រូវបានលើកលែងចំពោះ ៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក , រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន , រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន , រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន , រថយន្តពន្លត់អគ្គីភ័យ , រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ , ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
, ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។ បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕អត្ថបទ៖ KBN