
ឧត្តរមានជ័យ ៖ នៅថ្ងៃទី០៨ មេសា ២០២០នេះ ប្រជាពលរដ្ឋខ្មែរ ប្រមាណ១,៨៥៩នាក់ បាននាំគ្នាសម្រុកចូលមកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអូរស្មាច់ ក្នុងក្រុងសំរោង និងច្រកជាំ ក្នុងស្រុកអន្លង់វែង ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អោយដឹងថា អាជ្ញាធរថៃមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ក៏ដូចជនបរទេសឆ្លងកាត់ព្រំដែនឡើយ នេះវិធានការរបស់រាជរដ្ឋាភិបាលថៃ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែនៅពេល
ប្រជាពលរដ្ឋខ្មែរមកកកកុញច្រើននៅតាមព្រំដែនក្នុងខេត្តសុរិន្ទរបស់ថៃ ទើបលោកបានទាក់ទងអភិបាលខេត្តសុរិន្ទ សម្រួលឲ្យបើកច្រក ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទាំងនេះបានចូលមកប្រទេសកម្ពុជាវិញ ។
ទោះជាយ៉ាងនេះ ក្តីមុននឹងអនុញ្ញាតឲ្យ ប្រជាពលរដ្ឋខ្មែរជិត២ពាន់នាក់ ត្រឡប់់ទៅតាមគោលដៅរបស់ពួកគេនោះ ក្រុមគ្រូពេទ្យប្រចាំនៅច្រកព្រំដែន បានពិនិត្យសុខភាព និងណែនាំដល់ពួកគេ
ឲ្យអនុវត្តន៍តាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការចម្លង និងឆ្លងជំងឺកូវីដ១៩ ជាពិសេសបានណែនាំអ្នកទាំងអស់ដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ពេលទៅដល់ផ្ទះ ដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ១៩ ទៅក្រុមគ្រួសារ ។
លោកអភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលមកជិត២ពាន់នាក់នេះ មានប្រជាពលរដ្ឋ ២នាក់ ដែលជាអ្នករស់នៅក្នុងស្រុកត្រពាំងប្រាសាទ និងអន្លង់វែង ខេត្តឧត្តរមានជ័យ មានបញ្ហាសុខភាព ប៉ុន្តែពួកគេត្រូវបានក្រុមគ្រូពេទ្យយកសំណាក ទៅពិនិត្យរកជំងឺកូវីដ១៩ផងដែរ ៕