ខេត្តកណ្ដាល៖ កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោង​ចក្រ ​ឌី​កនើធី​ នី​តធើរ​ លីមីត​ធី​ត (Dignity​ Knitter​ Limited​) ស្ថិត​នៅ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដា​ល ដេកយាមមុខរោងចក្រ ដើម្បីទប់​ស្កាត់មិនឱ្យថៅកែដឹកសម្ភារចេញ ខណៈរោងចក្រនេះនៅជំពាក់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់ពួកគាត់។

កម្មការិនីម្នាក់ដែលអះអាងថា ជាតំណាងកម្មករ និងសកម្មជនសហជីពស៊ីខៅឌូប្រចាំរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត អ្នកស្រី សួរ សុជាតិ ប្រាប់វីអូឌីថា ក្រុមកម្មករបានដេកយាមមុខរោងចក្ររយៈពេលជាង ៣ខែហើយ បន្ទាប់ពីថៅកែរោងចក្រនេះបានព្យួរការងារកម្មករជាបន្តបន្ទាប់ ដោយមិនបើកប្រាក់ឈ្នួលចំនួន ២ខែ និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។

តំណាងកម្មកររូបនេះបន្តថា កាលពីថ្ងៃទី១ ខែមីនា ថៅកែរោងចក្របានប្រកាសព្យួរការងារកម្មករគ្រប់ផ្នែកទាំងអស់ដោយមិនបានកំណត់ពេលចូលវិញ ក្រោមហេតុផលថា អត់មានការងារធ្វើ ហើយបានព្យាយាមដឹកសម្ភារផ្សេងៗចេញពីរោងចក្រ ខណៈមិនទាន់ដោះស្រាយសំណងជូនកម្មករ។ អ្នកស្រីថា ករណីថៅកែព្យួរការងារកម្មករនេះ គឺថៅកែសន្យាបើកប្រាក់ឈ្នួលជូនកម្មករ ៥០ភាគរយៈ នៃប្រាក់ឈ្នួលគោលរបស់ពួកគេ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសុំឱ្យរដ្ឋាភិបាលជួយជំរុញរឿងនេះឱ្យបានលឿនបន្តិច ព្រោះពួកខ្ញុំដេកយាមមុខរោងចក្រនេះ យូរខែដែរហើយ។ ហើយពាក់ព័ន្ធបរិយាកាសបច្ចុប្បន្ន រឿងមានជំងឺកូវីដហ្នឹង គឺពួកខ្ញុំព្រួយបារម្ភណាស់។ មិនមែនពួកខ្ញុំចង់មកប្រមូលផ្តុំគ្នាអីចឹងទេ ប៉ុន្តែ ពួកខ្ញុំអត់ជម្រើស។ បើពួកខ្ញុំព្រលែងទៅ ក្រុមហ៊ុននឹងជញ្ជូនអីវ៉ាន់អស់។ ពួកខ្ញុំមកយាមនេះទាំងភ័យទាំងខ្លាច ហើយពួកខ្ញុំទាមទារនេះមិនឱ្យលើសពីច្បាប់ដែរ។ ហើលផលលំបាកមួយទៀត កម្មករគាត់អត់លុយបង់ថ្លៃផ្ទះទឹកភ្លើង បង់ធនាគារ និងចាយវាយប្រចាំថ្ងៃជាដើម»។

ប្រធាន​រដ្ឋបាល​រោង​ចក្រ​ ឌី​កនើ​ធី​ នី​តធើរ​ លីមីត​ធី​ត (Dignity​ Knitter​ Limited​) លោក​ ឡៅ​ ហ៊ត​ ថាមិនអាចឆ្លើយពាក់ព័ន្ធរឿងវិវាទការងារនេះបានទេ ដោយប្រាប់ថា លោកបានលាឈប់ពីការងារនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត ហើយ.

បើ​តាមតំណាងកម្មករ​រោង​ចក្រ អ្នកស្រី សួរ សុជាតិ រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) ​ជារោងចក្រផលិតសម្លៀកបំពាក់ប្រភេទអាវចាក់ និងស្រោមជើង មាន​ថៅកែ​ជា​ជនជាតិ​ចិន​ហុងកុង និងមានកម្មករប្រមាណ ១ពាន់កំពុងបម្រើការងារ៕
ប្រភព៖ VOD