ភ្នំពេញ៖តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានអោយ CPC NEWS ដឹងថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ នឹងជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ជនត្រូវចោទឈ្មោះ ហង្ស ច័ន្ទប៊ុនណារ៉ា
ភេទស្រី អាយុ៥៧ឆ្នាំ ជាប់ចោទពីបទ “រំលោភលើទំនុកចិត្ត” តាមរូបភាពឆបោកប្រាក់កូនតុងទីនរាប់រយនាក់ នូវទឹកប្រាក់សរុបជាង៦ម៉ឺនដុល្លារអាមេរិក ។
ទន្ទឹមនេះ ខាងដើមបណ្តឹង បានសំណូមពរយ៉ាងទទូច សូមអោយសាលាឧទ្ធរណ៍ កុំដោះលែងជនត្រូវចោទ ហង្ស ច័ន្ទប៊ុនណារ៉ា ព្រោះជននេះមានចេតនាទុច្ចរិតគេចវេសមិនព្រមដោះស្រាយជាមួយដើមបណ្តឹងនោះទេ ។
ដើមបណ្តឹង អះអាងថា ឈ្មោះ ហង្ស ច័ន្ទប៊ុនណារ៉ា បានគេចខ្លួនរហូត ដល់លោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាអោយចូលខ្លួនចំនួន៤លើក តែមិនព្រមចូលខ្លួន ។ ក្រោយមក ចៅក្រមស៊ើបសួរ បានចេញដីកានាំខ្លួនជននេះ និង ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ។
តាមប្រភពព័ត៌មាន បានបញ្ជាក់ពីអង្គហេតុ ថា កាលពីអំឡុងឆ្នាំ២០១៤ ឈ្មោះ ហង្ស ច័ន្ទប៊ុនណារ៉ា បានលួងលោមអោយឈ្មោះ ឡាយ យ៉ី ឈ្មោះ អ៊ុន ស៊ីម៉ិច ឈ្មោះ អ៊ុក សុភី និង ឈ្មោះ អ៊ុក បូរិទ្ធ ព្រមទាំងសមាជិកដទៃទៀត អោយលេងតុងទីនជាមួយ ដោយឈ្មោះ ហង្ស ច័ន្ទប៊ុនណារ៉ា ធ្វើជាមេតុងទីន ជាបន្តបន្ទាប់ ។
ក្នុងនោះ មានក្បាល១០០ដុល្លារអាមេរិក មានសមាជិក៤៨នាក់ , ក្បាល៥០ដុល្លារអាមេរិក មានសមាជិក៨០នាក់ និង ក្បាល៥០ដុល្លារអាមេរិក មានសមាជិក៧៨នាក់ មួយខែដេញម្តង ហើយអ្នកទាំងអស់គ្នាខាងលើ
បានចុះឈ្មោះចូលរួមលេងតុងទីនជាច្រើនក្បាល ដោយចាប់តាំងពីលេងតុងទីនមក ឈ្មោះ ឡាយ យ៉ី ឈ្មោះ អ៊ុន ស៊ីម៉ិច ឈ្មោះ អ៊ុក សុភី និង ឈ្មោះ អ៊ុក បូរិទ្ធ បានបង់ប្រាក់ទៅអោយឈ្មោះ ហង្ស ច័ន្ទប៊ុនណារ៉ា
ជាបន្តបន្ទាប់ដោយមិនបានដេញទេ ចាំដេញយកប្រាក់ក្រោយគេ សរុបចំនួន ៦៤,២៥០ដុល្លារអាមេរិក រហូតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ ហង្ស ច័ន្ទប៊ុនណារ៉ា បានប្រើល្បិចថា សមាជិកតុងទីនម្នាក់ឈ្មោះ អ៊ូច សុភា
បានដេញតុងទីនយកប្រាក់ ហើយមិនបានបង់ទៅអោយគាត់វិញ រួចរំសាយតុងទីនទាំង៣ក្បាលនេះចោល និង រឹបអូសយកប្រាក់របស់អ្នកទាំង៤ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននិងគេចវេសរហូត មិនព្រមដោះស្រាយឡើយ ។
ដើមបណ្តឹង សង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់ភាពយុត្តិធម៌ ដោយពុំត្រូវដោះលែងឈ្មោះ ហង្ស ច័ន្ទប៊ុនណារ៉ា ដែលមានចេតនាទុច្ចរិត ឆបោកប្រាក់ជាង៦ម៉ឺនដុល្លារ នេះទេ ៕