
កណ្តាល៖អគ្គិភ័យមួយ បានកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ខណដែលឪពុកនិងកូនកំពុងបញ្ចូលហ្គាស បណ្តាលឲ្យធ្លាយធុងហ្គាសផ្ទុះឆេះស្លាប់កូននិងឪពុករងរបួសធ្ងន់តែម្តង។ ដោយឡែកផ្ទះ១ខ្នងត្រូវបានឆេះខ្ទេចផងដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖០០នាទី ថ្ងៃទី៩ ខែមករា នេះ នៅចំណុចផ្ទះបញ្ចូលហ្គាស ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះណែម សុកុល ភេទប្រុស អាយុ៣៧ឆ្នាំ របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ និងកូនឈ្មោះ កុល រ៉ាវុធ ភេទប្រុស អាយុ៤ឆ្នាំស្លាប់នៅកន្លែងកើតហេតុ បច្ចុប្បន្ននៅភូមិ ឃុំកន្លែងកើតហេតុខាងលើ។
តាមការបំភ្លឺរបស់បងជនរងគ្រោះបានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុ នៅផ្ទះជនរងគ្រោះឈ្មោះណែម សុកុល និង កូនប្រុសឈ្មោះ កុល រ៉ាវុធ កំពុងបញ្ចូលហ្គាសនៅក្នុងផ្ទះកន្លែងកើតហេតុខាងលើ ស្រាប់តែធ្លាយទុយោផ្ទុះធុងហ្គាស បណ្ដាលអោយឆាបឆេះតែម្ដង។
ចំពោះសម្ភារៈខូចខាតមានផ្ទះ១ខ្នង ថ្មក្រោម ប្រក់ ស័ង្កសី ទំហំ៤គុណនឹង៥ម៉ែ៣ធុងហ្គាសចំនួន១១ធុង ក្នុង១ធុងមានចំណុះទម្ងន់១៣.៣គីឡូក្រាម ខូចខាតទាំងស្រុង។
បច្ចុប្បន្នសាកសពសាច់ញាតិកំពុងធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕