ភ្នំពេញ៖ ប្រជាពលរដ្ឋបានរាយការណ៍ពីខេត្តកំពតមកថា៖ សណ្ឋាគារ(ធ្វីន) ឋិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពត ដែលមានម្ចាស់ឈ្មោះ ឱម សីហា មានច្បាប់អនុញ្ញាតអោយសាងសង់ត្រឹម៥ជាន់
ប៉ុន្តែម្ចាស់សណ្ឋាគារនេះ បានសាងសង់លើសច្បាប់អនុញ្ញាត បន្ថែម២ជាន់ទៀត មានកម្ពស់ដល់៧ជាន់ ខ្ពស់សន្លឹម ធ្វើអោយពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងនូវហានីភ័យគ្រោះថ្នាក់ ជាយថាហេតុណាមួយ អាចបណ្តាលពីការស្រុះ ប្រេះ ស្រាំ បាក់រលំ ខណៈថ្មីៗនេះអគារ៧ជាន់នៅខេត្តកែប បានបាក់រលំសង្កត់មនុស្ស៥៩នាក់ ក្នុងនោះ៣៦នាក់ បានស្លាប់ និង២៣បានរស់រានមានជីវិត។
អគារ៧ជាន់បាក់រលំនៅខេត្តកែប មានច្បាប់អនុញ្ញាតបាន៥ជាន់ ប៉ុន្តែម្ចាស់សំណង់សង់ដល់៧ជាន់ និងធ្វើគ្មានបទដ្ឋានបច្ចេកទេស ទី១-ប្លង់សេគេចាត់បេតុងក្នុងរយៈពេលជាង២០ថ្ងៃឡើងទើបដោះពុម តែជា គេចាក់ប្លង់សេបានមិនដល់១០ថ្ងៃផង ដោះរើពុមចេញ ។
ទី២-ច្បាប់អនុញ្ញាតអោយសាងសង់៥ជាន់ ធ្វើដល់៧ជាន់ និងលួចកេងដែក ដាក់មិនគ្រប់តាមបច្ចេកទេស ពិសេសដែកគ្មានគុណភាពថែមទៀត។
ក្តីព្រួយបារម្ភនេះបានធ្លាក់មកដល់ខេត្តកំពតវិញម្តង ដែលធ្វើអោយប្រជាពលរដ្ឋមានលំនៅដ្ឋានជាប់សំណង់ សណ្ឋាគារ(ធ្វីន) ខ្លាចសំណង់មួយនេះ មានបញ្ហាដ៏អាក្រក់ណាមួយកើតឡើងជាយថាហេតុ ព្រោះច្បាប់អនុញ្ញាតអោយសាងសង់៥ជាន់ បែជាសង់ដល់៧ជាន់ឯណោះ។
ប្រជាពលរដ្ឋបានបន្តថា៖ ពួកគាត់បានឃើញខាងជំនាញនៃអង្គភាព មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត សមត្ថកិច្ច អាជ្ញាធរ បានចុះមកហាមឃាត់ផ្អាកការសាងសង់ចំនួន៤ដងមកហើយ តែជាលទ្ធផលម្ចាស់សំណង់សណ្ឋាគារ(ធ្វីន) នៅតែបន្តសាងសង់ស្ទើររួចរាល់១០០ភាគរយទៅហើយ។
ពាក់ព័ន្ធករណីនេះ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានប្រាប់អង្គភាព នគរដ្រេហ្គន តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ថា ៖ រឿងសំណង់នេះពិតជាបានហាមឃាត់ ផ្អាកពិតមែន ដើម្បីអោយខាងជំនាញពិនិត្យលើបទដ្ឋានបច្ចេកទេស ស្តង់ដារ គ្រឹះ តើអាចមានការទ្រទំងន់នោះបានឬទេ។
លោក ដាញ់ សារី បន្តថា៖ បើម្ចាស់សណ្ឋាគារ គាត់បានធានាថាគ្រឹះសំណង់គាត់អាចទ្រទំងន់បាន និងមានជើងព្យាង្គរឹងមាំ ប៉ុន្តែខាងជំនាញលោកត្រូវការឧបករណ៍ស្ទង់ពិនិត្យ ពិសោធន៍មើលសិន ។
ទាក់ទិនទៅនឹងច្បាប់អនុញ្ញាតអោយសាង់សង់តែ៥ជាន់ ហើយម្ចាស់សណ្ឋាគារ(ធ្វីន) សង់ឡើងដល់៧ជាន់ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានប្រាប់អង្គភាព នគរដ្រេហ្គន បន្តថា៖ មិនមែនជាបញ្ហាអីទេ សំខាន់អោយតែគាត់បុកគ្រឹះរឹងមាំ និងពិនិត្យជាក់ស្តែងបញ្ជាក់ថាគាត់(ម្ចាស់សណ្ឋាគារធ្វីន) បុកគ្រឹៈតម្រូវលើសពី៥ជាន់ ពីព្រោះសំណង់នីមួយៗ
គេមិនធ្វើតែតាមកំណត់នោះទេ គឺគេបុកគ្រឹះអោយលើសពីនេះ ប្រយោជន៍ស្នើសុំសាងសង់បន្តទៀត។ លោក ដាញ់ សារី បញ្ជាក់ថា៖ សំណង់នេះសុំច្បាប់អនុញ្ញាតត្រឹមខេត្តទេ មិនដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទេ ដោយសារ មានទំហំតិចជាង៣០០០ម៉ែត្រការ៉េ។ ទោះជាយ៉ាងណាក៏ដោយក៏ខាងជំនាញរបស់លោកបន្តបង្កើតក្រុមការងារពិនិត្យលើសំណង់សណ្ឋាគារ(ធ្វីន)នេះ។
ដោយឡែកលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានប្រាប់អង្គភាព នគរដ្រេហ្គន ថា៖ កុំថាឡើយប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាសំណង់នោះ គឺរដ្ឋបាលសាលាខេត្តព្រួយជាងប្រជាពលរដ្ឋទៅទៀត លើការទទួលខុសត្រូវ ពិនិត្យ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ក្នុងនោះពេលចូលធ្វើការវិញ លោកបានរៀបចំបង្កើតក្រុមគណៈកម្មការមួយចុះត្រួតពិនិត្យលើសំណង់នេះ ប៉ុន្តែជាជំហានដំបូង កំពុងចាត់វិធានការផ្អាកសំណង់សាលារៀនចិនមួយសិន ដោយសារព្រួយបារម្ភហានីភ័យគ្រោះថ្នាក់ដល់សិស្សសាលាមិនតិចជាង២០០នាក់រៀននៅទីនោះ។ លោកអភិបាលបន្តថា៖ ខ្ញុំនឹងចាត់ការបន្តចំពោះសំណង់សណ្ឋាគារ(ធ្វីន) តាមរយៈបង្កើតក្រុមការងារពិនិត្យពេលដល់ថ្ងៃចូលធ្វើការវិញ។
លោក ឱម សីហា អង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ជុំវិញករណីគាត់សុំច្បាប់អនុញ្ញាតសាង់សង់បាន៥ជាន់ ធ្វើឡើងដល់៧ជាន់ ហើយអាជ្ញាធរ សមត្ថកិច្ច ជំនាញផ្អាក ហាមឃាត់៤ដងហើយ គាត់នៅសាងសង់ស្ទើររួចរាល់ ដោយសំអាងលើអ្វី..?
សូមបញ្ជាក់ថា៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត ទើបបានផ្លាស់ប្តូរដំណែងថ្មី ខណៈប្រធានមន្ទីរមុនមានករណីពុករលួយ កៀបសង្កត់ប្រជាពលរដ្ឋលើច្បាប់សាងសង់ ការស្នើសុំបញ្ជីដីធ្លី។ល។ ហើយត្រូវតែងតាំង លោក ដាញ់ សារី អតីតៈអនុប្រធានមន្ទីរឡើងជាប្រធានមន្ទីរ ដែលគេរំពឹងថាលោក ដាញ់ សារី អាចមានជំនាញបច្ចេកទេស គ្រប់គ្រងសំណង់សង់ខុសច្បាប់ សាង់លើសច្បាប់អនុញ្ញាតមានតម្លាភាព ដើម្បីការពារដល់អាយុជីវិតប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋសំណូមពរអោយខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត អាជ្ញាធរខេត្ត ពិសេសលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានវិធានការក្នុងរឿងនេះ ធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតៗ សំណង់សណ្ឋាគារ(ធ្វីន) ជៀសផុតពីការព្រួយបារម្ភនូវហានីភ័យ គ្រោះថ្នាក់ ដោយ អគារ ស្រុះ ប្រេះ ស្រាំ បាក់រលំដោយ យថាហេតុណាមួយ៕